(ពោធិ៍សាត់)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា បង្កឡើងដោយកាណូតបុកកាណូត នៅលើផ្លូវទឹកបឹងទន្លេសាប បណ្ដាលឱ្យស្លាប់មនុស្ស២នាក់ និងខូចខាតកាណូតយ៉ាងដំណំ។
អាវុធហត្ថខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយ បានកើតឡើងកាលពីវេលាម៉ោង០២៖៣០នាទីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ រវាងកាណូត និងកាណូត នៅចំណុចដងស្ទឹងច្រកែងស្រោង ស្ថិតក្នុងភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធីសាត់។
ជនបង្កមានឈ្មោះ ព្រំ គឺ អាយុ៥៥ឆ្នាំរស់នៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានបើកក្នុងល្បឿនលឿន បញ្ច្រាសទិសគ្នា មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយកាណូត ជនរងគ្រោះឈ្មោះ សាំង ផេង អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំខាងលើ (បណ្តាលឱ្យស្លាប់)។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង្ស័យ និងវត្ថុតាង ត្រូវឃាត់ខ្លួនរក្សាទុកនៅប៉ុស្តិ៍នគបាលកញ្ជរ ដើម្បីបំពេញនីតិវិធីចាត់ការតាមច្បាប់។
សូមជម្រាបជូនថា កាលពីវេលាម៉ោង០៨៖២០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅចំណុចប្រឡាយផ្លូវទឹក ស្ថិតក្នុងភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយទៀត បង្កឡើងដោយកាណូតមិនស្គាល់ភិនភាគ (បើករត់បាត់) បានបុកកាណូតសំប៉ាន បណ្តាលឱ្យធ្លាក់ទឹកស្លាប់ ជនរងគ្រោះឈ្មោះ លឿង ធីលុង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ចំពោះសព និងកាណូត ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យប្រពៃណី។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើនេះ មិនមែនទើបតែកើតមាននោះទេ។ ចំពោះជនបង្កខាងលើ សមត្ថកិច្ចបាននឹងកំពុងបើកការស្រាវជ្រាវ និងចាត់វិធានការ ចំពោះកាណូតទាំងឡាយណា ដែលបើកក្នុងល្បឿនលឿន បង្កជាហានិភ័យ ក៏ដូចជាបង្កជាបទល្មើស បំភ្លិចបំផ្លាញធនធានធម្មជាតិនោះផងដែរ៕