(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញចុះត្រួតពិនិត្យ សំណង់អគារវេទិការ សាលាសំណាក់ និងសមិទ្ធផលនានា ដែលកំពុងដំណើការសាងសង់ នៅតំបន់X-១៦ ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សំណង់អគារវេទិការ សាលាសំណាក់ និងសមិទ្ធផលនានា ដែលកំពុងដំណើការសាងសង់ នៅតំបន់X-១៦ គឺជាតំបន់ប្រវត្តិសាស្រ្តរបស់មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីឆ្ពោះទៅរកការរំដោះជាតិចេញភ្លើងសង្គ្រាម រហូតទទួលបានសន្ដិភាព។
គួរជម្រាបថា តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។
ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕