(ឧត្តរមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ថា លទ្ធផលតេស្តសំណាកលើកទី១ លើមនុស្ស៤៤នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តឧត្តរមានជ័យ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី២៨ ខែវិច្ឆិកា គឺអវិជ្ជមាន។
លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា ថ្ងៃម្សិលមិញនេះមនុស្សចំនួន១២នាក់ ក្នុងនោះមានមន្ត្រីប៉េអឹម៥នាក់ មន្ត្រីពន្ធនាគារ៦នាក់ និងមន្ត្រីប៉ូលីស១នាក់ លទ្ធផលតេសសំណាកលើកទី១ គឺអវិជ្ជមាន ហើយនៅថ្ងៃនេះដែរ មនុស្ស៣២នាក់ ក្នុងនោះមានមន្ត្រីពន្ធនាគារ និងមន្ត្រីយោធា១រូប នៅស្រុកអន្លង់វែង បានធ្វើតេស្តសំណាកលើកទី១ ទទួលលទ្ធផលអវិជ្ជមានដែរ ដែលករណីនេះបានបញ្ជាក់ថា នៅក្នុងខេត្តឧត្តរមានជ័យ គឺពុំទាន់មាននណាម្នាក់ផ្ទុកមេរោគកូវីដ១៩នោះទេ។
លោក ឃ្លោក ហួត បានថ្លែងទៀតថា ទោះលទ្ធផលតេស្តសំណាកលើកទី១ បញ្ជាក់ថាអ្នកទាំង៤៤នាក់ មិនមានផ្ទុកគេរោកកូវីដ១៩ពិតមែន តែពួកគេនៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងយកសំណាកទៅពិនិត្យជាបន្តបន្ទាប់ទៀត។
លោកថា ពេលនេះមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ក្រោមការណែនាំពីលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺឆ្លងខេត្ត កំពុងធ្វើសកម្មភាព ចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ តាមទីតាំងធ្វើការមួយចំនួនទៀតដូចជា អគាររដ្ឋបាលខេត្ត អគារស្នងការដ្ឋាននគរបាលខេត្ត អគារប៉អឹមខេត្ត និងអគារសាលាដំបូងខេត្តផងដែរ។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ត្រូវបន្តប្រុងប្រយត្ន័ជានិច្ចការពារខ្លួននិងសមាជិកគ្រួសារពីជំងឺកូវីដ១៩ ដែលវិធានការដ៏មានប្រសិទ្ធភាពនោះ គឺត្រូវអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវឧស្សាហ៍លាងសម្អាតដៃដោយទឹកអាល់កុល ឬជែលនិងត្រូវពាក់ម៉ាស់ជាប់ជានិច្ចពេលស្ថិតក្នុងទីប្រជុំជន កុំចូលរួមក្នុងពិធីជួបជុំផ្សេងៗ បើសិនមិនមានការចាំបាច់ ហើយណែនាំឲ្យកូនចៅត្រូវស្ថិតនៅក្នុងផ្ទះ ចៀសវាងការដើរលេងផ្តេសផ្តាស់ខ្វះការប្រុងប្រយត្ន័ ដែលនាំឲ្យឆ្លងមេរោគនេះជាយថាហេតុ ដល់ក្រុមគ្រួសារនិងសង្គមជាតិ៕