(ភ្នំពេញ)៖ បុរសចំណាស់ដែលជាអ្នកបើកបររថយន្តម្នាក់ បានលួងលោមក្មេងស្រីម្នាក់នាំទៅរួមភេទបានសម្រេចជាច្រើនដង ហើយទោះជារឿងនោះបែកធ្លាយហើយ ឪពុកម្ដាយនាងព្រមានឲ្យឈប់ទាក់ទង គ្នាទៅហើយក្ដី ក៏បុរសនេះមិនព្រមស្ដាប់តាមដែរ។
ទីបំផុត! បុរសខាងលើបាននាំក្មេងស្រីរូបនេះទៅដេករួមភេទនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងបាត់ពីផ្ទះរយៈពេល ៤ថ្ងៃ ហើយត្រូវបានឪពុកម្ដាយនាងតាមរកឃើញក៏ឃាត់ខ្លួន នាំយកទៅប្រគល់ជូននគរបាលតែម្ដង។
ជនសង្ស័យរូបនោះឈ្មោះ មាស សារឿន អាយុ៥៨ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួនកាល ពីវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រួចឪពុកម្ដាយក្មេងស្រី បាននាំយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ ចំណែកក្មេងស្រីមានអាយុ ១៣ឆ្នាំប៉ុណ្ណោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ខែកុម្ភៈ ឆ្នាំ២០២០ ឪពុកម្ដាយក្មេងស្រី បានហៅបុរសនេះទៅហូបបាយនៅផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយបានរាប់អានគ្នាដូចបងប្អូន ប៉ុន្តែក្រោយពីចេញចូល ទៅហូបបាយហូបទឹកព្រឹកល្ងាច ជននេះក៏បានបែកគំនិតលួចទាក់ទងជាមួយកូនស្រីម្ចាស់ផ្ទះ។ លុះបានរយៈពេល១ខែគឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ក៏បានលួងលោមនាំក្មេងស្រីទៅរួមរ័ក្ស នៅក្នុងផ្ទះសំណាក់បានសម្រេចចំនួន៤ដង។
រឿងនេះត្រូវបានបែកធ្លាយដល់ឪពុម្ដាយក្មេងស្រី ហើយពួកគាត់បានព្រមានឈប់ឲ្យទាក់ទងគ្នាតទៅទៀត ប៉ុន្តែបុរសនេះមិនព្រមស្ដាប់ឡើយ ហើយរហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំក្មេងស្រីរូបនោះទៅដេករួមមេត្រីនៅក្នុងបន្ទប់ជួលនៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។ ខណៈនោះបន្ទាប់ពីបាត់កូនស្រី ឪពុកម្ដាយបានតាមរករយៈពេល ៤ថ្ងៃ
រហូតដល់វេលាល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ទើបរកឃើញ ក៏ឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យតែម្ដង៕