(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដោយផ្អែកលើបរិបទសង្គម និងប្រវត្តិសាស្រ្តរបស់កម្ពុជា ប្រជាជាតិកម្ពុជាមិនត្រូវការប្រជាធិបតេយ្យបែបអាត្មានិយមដូចនៅលោកខាងលិចនោះទេ ដែលយកប្រយោជន៍ និងសិទ្ធិបុគ្គលជាធំ កម្ពុជាត្រូវការប្រជាធិបតេយ្យសមូហភាពនិយមបែបអាស៊ី ដែលយកប្រយោជន៍សមូហភាព និងប្រយោជន៍ជាតិរួមជាធំ។
ការបញ្ជាក់បែបនេះ របស់លោក ជិន ម៉ាលីន បានធ្វើឡើងក្រោយមានអង្គការសង្គមស៊ីវិលសិទ្ធិមនុស្សជាតិ និងអន្តរជាតិដែលនៅតែទាមទាឱ្យឈប់សម្រាក និងជួបជុំប្រារព្ធទិវាសិទ្ធិមនុស្ស ១០ឆ្នូ ដែលមិនខ្វល់ខ្វាយពីការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងរកវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងចូលក្នុងសហគមន៍ ព្រមទាំងជួយសម្រួលដល់ការលំបាកចំពោះប្រជាជនក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ជាដើម។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្អែកលើបរិបទសង្គម និងប្រវត្តិសាស្រ្តរបស់កម្ពុជា ប្រជាជាតិកម្ពុជាមិនត្រូវការប្រជាធិបតេយ្យបែបអាត្មានិយមដូចនៅលោកខាងលិចនោះទេ Individualist Democracy ដែលយកប្រយោជន៍ និងសិទ្ធិបុគ្គលជាធំ កម្ពុជាត្រូវការប្រជាធិបតេយ្យសមូហភាពនិយមបែបអាស៊ី Collective Democracy ដែលយកប្រយោជន៍សមូហភាព និងប្រយោជន៍ជាតិរួមជាធំ»។
លោក ជិន ម៉ាលីន បានលើកឡើងថា សកម្មភាពដែលបម្រើឱ្យប្រយោជន៍សង្គម និងមនុស្សជាតិ គឺជាសកម្មភាពលើកស្ទួយសិទ្ធិមនុស្ស តែផ្ទុយទៅវិញសកម្មភាពដែលបង្កហានិភ័យដល់សង្គម និងមនុស្សជាតិ មិនមែនជាសកម្មភាពលើកស្ទួយសិទ្ធិមនុស្សនោះទេ តែអាចជាអំពើល្មើសច្បាប់។
ជាមួយគ្នានេះដែរ លោក ជិន ម៉ាលីន ក៏បានបានចោទចំនួន៤សំណួរ ទៅអង្គការសង្គមស៊ីវិលសិទ្ធិមនុស្សជាតិ និងអន្តរជាតិដែលនៅតែទាមទាឱ្យឈប់សម្រាក និងជួបជុំប្រារព្ធទិវាសិទ្ធិមនុស្ស ១០ឆ្នូ ដែលមានខ្លឹមសារដូចខាងក្រោម៖
ទី១៖ តើសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជានឹងធ្លាក់ចុះ ដើរថយក្រោយ ឬយ៉ាងណា ប្រសិនបើមិនបានឈប់សម្រាក និងជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស ១០ឆ្នូ មួយថ្ងៃនេះ?
ទី២៖ តើមានប្រទេសប្រជាធិបតេយ្យប៉ុន្មានលើពិភពលោកនិងជាពិសេសក្នុងតំបន់អាស៊ានយើងនេះ ដែលគេឈប់សម្រាក និងជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស ១០ឆ្នូ ក្នុងមួយថ្ងៃនេះ?
ទី៣៖ ប្រសិនបើការជួបជុំរបស់សង្គមស៊ីវិល ដែលបំពានវិធានការសុវត្ថភាពរបស់រដ្ឋាភិបាលនេះ បង្កហានិភ័យដល់សង្គមពាក់ព័ន្ធការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តើអ្នកណាជាអ្នកទទួលខុសត្រូវ?
ទី៤៖ ក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជា កំពុងទទួលរងការវាយប្រហារពីជំងឺកូវីដ-១៩ នាពេលនេះ តើសង្គមស៊ីវិលទាំងនេះអាចរួមគ្នាធ្វើសកម្មភាពជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ នេះចូលដល់សហគមន៍ បានដែរឬទេ ជំនួសឱ្យការជួបជុំគ្នាដែលអាចបង្កជាហានិភ័យដល់សង្គម ដើម្បីធានាបាននូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត?៕