(ភ្នំពេញ)៖ ក្រោយពីមានព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានផ្ទុះឡើង នៅយប់ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដោយ១លានសម្រាប់រាជធានីភ្នំពេញ និង ១លានសម្រាប់ ខេត្តសៀមរាប។ នេះជាលើកទី២ហើយ ដែលសម្តេចតេជោ បានបញ្ចេញម៉ាស ចែកជូនដល់ពលរដ្ឋ ដែលកាលពីលើកទី១ សម្តេចក៏បានបញ្ចេញម៉ាសចំនួន២លានដូចគ្នា។
នៅយប់ថ្ងៃដដែលនេះ ដោយបានទទួលភារកិច្ចពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការ ជួយដឹកជញ្ជូនម៉ាសពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឆ្ពោះទៅសាលារាជធានីភ្នំពេញសម្រាប់ចែកជូនប្រជាពលរដ្ឋ។
ព្រមជាមួយគ្នានេះផងដែរ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយមិនបង្អង់យូរលោក ឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារដោយផ្ទាល់ ចុះធ្វើការចែកម៉ាស ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រជាច្រើនទៀតក្នុងរាជធានីភ្នំពេញជាបណ្ដើរៗ និងឆ្លៀតឱកាសធ្វើការ ផ្សព្វផ្សាយសេចក្ដីណែនាំ តាមរយៈសារសម្លេង ដែលអាវុធហត្ថរាជនីភ្នំពេញ ចងក្រងឡើង ចាក់ផ្សាយតាមឧគ្ឃោសនស័ព្ទបំពាក់នៅលើម៉ូតូកង់បីរបស់អាវុធហត្ថរាជធានីភ្នំពេញ ស្តីពីការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩ ដើម្បីរំលឹកដល់ពលរដ្ឋទូទៅឲ្យចូលរួម បង្ការ ទប់ស្កាត់ នូវជំងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា៕