(ភ្នំពេញ)៖ ក្រុមយុវជនស្ម័គ្រចិត្ត និងមន្ត្រីកាកបាទក្រហមសាខារាជធានីភ្នំពេញជាច្រើនរូប បានចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយនូវចំណេះដឹងពាក់ព័ន្ធការទប់ស្កាត់កុំឱ្យឆ្លង និងចម្លងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ និងតាមផ្សារនានា ដែលជាកន្លែងមានប្រជាពលរដ្ឋចេញចូលច្រើន។
យោងតាមសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ១៩ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានោះ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ ទីប្រជុំជន ផ្សារ និងសហគមន៍ក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ៧មករា។
សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមការងារសាខា រួមមាន៖ លោក យឹម យូហៀង ប្រធានការិយាល័យបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ និងលោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ធ្វើយុទ្ធនាការនេះ។
សកម្មភាពនេះធ្វើឡើងគោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយ ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ។ ជាពិសេសអនុវត្តនូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សម្តៅចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។
ក្នុងយុទ្ធនាការនេះ មានការចាក់ជាសារអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន និងសារអប់រំរបស់ក្រសួងសុខាភិបាល តាមរថយន្ត និងក្រុមការងារសាខាចុះអប់រំប្រជាពលរដ្ឋ ពីវិធីលាងសម្អាតដៃ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)។
យុទ្ធនាការមានសារអប់រំ ដូចខាងក្រោម៖
១៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤៖ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦៖ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ
៧៖ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ១១៥ ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញវិធានការក្តៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រោយពេលកើតមានព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។ ព្រឹត្តិការណ៍នេះ បានរកឃើញមនុស្ស ៣០នាក់ហើយ វិជ្ជមានជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា តាមរយៈការអនុវត្តន៍វិធានការណែនាំរបស់ក្រសួងសុខាភិបាល។ វិធានការនោះមានដូចជាការពាក់ម៉ាស់ជាប់ជាប្រចាំនៅពេលចេញទៅខាងក្រៅ ឬកន្លែងមានការប្រមូលផ្តុំ, ឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ ជែល ទឹកអាល់កុល, កាត់បន្ថយការជួបជុំ, រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលជាដើម៕