(ភ្នំពេញ)៖ បើទោះបីជារាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យផ្សារទំនើបអ៉ីអន១ បើកដំណើរការឡើងវិញក៏ពិតមែន ក្រោយផ្អាករយៈពេល២ថ្ងៃ បន្ទាប់ពីមានអ្នកកើតជំងឺកូវីដ-១៩ចូលទៅនោះ ប៉ុន្ដែឥលូវស្ថានភាពនៅក្នុងផ្សារទំនើបមួយនេះ មិនមានលក្ខណៈអ៊ូអរដូចពេលកន្លងទៅនោះទេ។
រូបភាពដែលត្រូវបានចែកចាយ នៅលើបណ្ដាញសង្គម Facebook ដែលអះអាងថា ថតនៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងផ្សារទំនើបនេះសឹងគ្មានមនុស្សទាល់តែសោះ ក្រៅពីសន្ដិសុខដែលនៅយាមប្រចាំការនោះទេ។
ក្រៅពីផ្សារទំនើបអ៉ីអន១ ដែលជាទូទៅម្ដុំដោយមនុស្សយ៉ាងច្រើនកុះករនោះ ស្ថានភាពនៅតាមផ្លូវសាធារណៈក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យនេះ ក៏ហាក់ប្រែជាស្ងប់ស្ងាត់ដូចគ្នាផងដែរ ដោយមានការធ្វើចរាចរណ៍បន្ដិចបន្ទួចបតែប៉ុណ្ណោះ។
ទីកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ ពិសេសថ្ងៃចុងសប្ដាហ៍ ហើយប្រែជាស្ងាត់ជ្រងំនេះ គឺដោយសារតែកម្ពុជាផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ជាលើកដំបូងផងដែរ ហើយគាប់ជួននៅព្រឹកមិញនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញសារអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំងឺនេះផងដែរ។
ក្នុងសារអំពាវនាវនោះ សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសអ្នករស់នៅរាជធានីភ្នំពេញ ប្រសិនបើមិនមានការចាំបាច់នោះទេ សូមកុំចេញក្រៅផ្ទះ ហើយប្រសិនបើចេញក្រៅផ្ទះ ត្រូវពាក់ម៉ាស់ និងឧស្សាហ៍លាងដៃជាមួយអាល់កុល ព្រមទាំងរក្សាគម្លាតសុវត្ថិភាព។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសារពិសេសថ្មីមួយទៀត នៅព្រឹកថ្ងៃនេះ បានក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ឲ្យតាមដានឲ្យបានម៉ឺងម៉ាត់ទៅលើទីតាំងអាជីវកម្មទាំងឡាយ ចំពោះការអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ១០,៧៧២សំណាក ដែលក្នុងចំនួននេះ មានអ្នកជំងឺវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
ម្យ៉ាងវិញទៀត សូមអ្នកដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទាំងអស់ អញ្ជើញមកធ្វើតេស្តលេកទី២ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដែលក្រសួងសុខាភិបាល នឹងរៀបចំទីតាំងនៅបរិវណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និងតាមមន្ទីរសុខាភិបាលរាជធានីខេត្ត ។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់៕