(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ នៅម៉ោង១រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់មេក្រូកាន់ដៃ ចំនួន៤០គ្រឿង ប្រគល់ជូនដល់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបម្រើក្នុងប្រតិបត្តិការធ្វើការផ្សព្វផ្សាយ នៅតាមបណ្តាភ្លើងស្តុបធំៗ ពាក់ព័ន្ធការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។
លោក ឃួង ស្រេង បានឲ្យដឹងថា ការប្រគល់មេក្រូចល័តទាំង២០គ្រឿងនេះ គោលបំណងដើម្បីប្រកាសឲ្យអ្នកធ្វើដំណើរតាមដងផ្លូវទំាងអស់ ចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីជំរុញឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដោយការពាក់ម៉ាសជាប់ជាប្រចំា ទោះជានៅតាមទីកន្លែងណាក៏ដោយ និងត្រូវលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល ឲ្យបានញឹកញាប់ ត្រូវរក្សាគម្លាតសង្គម និងចៀសវាងទីកន្លែង ដែលមានការប្រមូលផ្តុំ។
លោកឧត្តមសេនីយទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មេក្រូដែលទទួលបានពីរដ្ឋបាលរាជធានីភ្នំពេញ គឺយកទៅចែកតាមគោលដៅភ្លើងស្តុបសំខាន់ៗ ចំនួន២០ទីតាំង។ ជាមួយគ្នានេះ កម្លាំងក៏បានចែកម៉ាសដល់អ្នកដំណើរផងដែរ។
សូមជម្រាបថា គោលដៅទំាង២០ទីតំាងនោះ រួមមាន៖ ទី១៖ ស្តុបកាណាឌីយ៉ា, ទី២៖ ស្តុបពេទ្យចិន, ទី៣៖ ស្តុបបូកគោ, ទី៤៖ ស្តុបច្រមុះជ្រូកក្បាលថ្នល់, ទី៥៖ ស្តុបអង្គឌួង, ទី៦៖ ស្តុបក្រសួងអប់រំ, ទី៧៖ ស្តុបជលផល, ទី៨៖ ស្តុបក្តាន់ពីរ, ទី៩៖ ស្តុបអាងទឹក, ទី១០៖ ស្តុបចេនឡា, ទី១១៖ ស្តុបទួលសង្កែ, ទី១២៖ ស្តុបកាំកូ, ទី១៣៖ ស្ពានអាកាស៧មករា, ទី១៤៖ ស្តុប ២០០៤ កែងទ្រុងមាន់, ទី១៥៖ ស្តុប២០០៤ កែង២៧១, ទី១៦៖ ស្តុប ២៧១ កែង៣៧១, ទី១៧៖ ស្តុបស្ពានដែកចំការដូង និងខណ្ឌចំនួន៥ រួមមាន៖ ទី១៖ ទួលគោក នៅស្តុបផ្សារដើមគរ, ទី២៖ ៧មករា នៅស្តុបនាងគង់ហីង, ទី៣៖ ដូនពេញ នៅស្តុបនាគបាញ់ទឹក, ទី៤៖ ចំការមន នៅស្តុបបឹងត្របែក និងទី៥៖ បឹងកេងកង ស្តុបវត្តមហាមន្រ្តី។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ចេញម៉ាសជាង៤ម៉ឺនម៉ាស ដល់កម្លាំងនគរបាល កងរាជអាវុធហត្ថ និងតាមបណ្តាខណ្ឌទាំង១៤ ដើម្បីបន្តយកទៅចុះចែកជូនដល់ប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាន តាមគោលដៅរៀងៗខ្លួន៕