(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជចន្ទ មុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចាត់ឲ្យក្រុមការងារប្រគល់ម៉ាសចំនួន១០ម៉ឺនម៉ាស ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីប្រើប្រាស់នៅក្នុងក្របខណ្ឌកងទ័ពដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
ឧត្តមសេនីយ៍ទោ កៅ វណ្ណារ៉េត នាយសេនាធិការរង នាយការិយាល័យសុខាភិបាលកងទ័ពជើងគោកតំណាងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលបានឧបត្ថម្ភម៉ាសចំនួន១០ម៉ឺនម៉ាស ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ពិធីប្រគល់ និងទទួលម៉ាសនេះ បានធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោកក្រោមវត្តមាន ឧត្តមសេនីយ៍ទោឧត្តមសេនីយ៍ទោ កៅ វណ្ណារ៉េត និងលោកទន្ទបណ្ឌិតហោ អូន តំណាងក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានធ្វើពិធីប្រគល់-ទទួលនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។
ជាមួយគ្នានេះដែរ ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងជំងឺកូវីដ-១៩ បានចុះធ្វើយុទ្ធនាការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ បឹងឈូកសហគមន៍បឹងឈូក និងប្រជាពលរដ្ឋរស់នៅតាមខ្នងផ្ទះនៅក្នុងទឹកដីខណ្ឌច្បារអំពៅនិងខណ្ឌមានជ័យ។
គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការធ្វើចត្តាឡីស័ក និងចូលរួមអនុវត្តនូវវិធានការវិធានរបស់ក្រសួងសុខាភិបាល ឲ្យបានមាត់ចត់និងត្រឹមត្រូវ៕