(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ មានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ រវាងអង្គភាពស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតមីន ជាមួយការបោសសម្អាតមីន របស់អង្គភាពស៊ីម៉ាក់។
គម្រោងខាងលើនេះ ដោយមានថវិកាគាំទ្រចំនួន ៣១៨,៦០៦ដុល្លារអាមេរិក សម្រាប់រយៈពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
សូមជម្រាបថា កណ្តុរហិតដែលស្ថិត ក្នុងគម្រោងកិច្ចសហប្រតិបត្តិការ ស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូ ចំនួន២៤ក្បាល ហើយបាននិងកំពុងប្រតិបត្តិការ នៅកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ។
កាលពីពេលថ្មីៗនេះ កណ្តុរហិតដែលស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការ ស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូ បានទទួលមេដៃមាស ពីអង្គការសប្បុរសធម៌សត្វ នៃប្រទេសអង់គ្លេស។
ទោះបីជាពិភពលោកទាំងមូល កំពុងរងការគំរាមកំហែង ដោយសារជំងឺកូវីដ១៩ក៏ដោយ និយាយជារួម និយាយដោយឡែកនៅកម្ពុជា ជាពិសេសទីក្រុងភ្នំពេញ កំពុងតែរឹងបន្តឹងវិធានការ ការពារការរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍ ប៉ុន្តែទឹកចិត្តដៃគូអភិវឌ្ឍន៍ នៅតែបន្តជួយគាំទ្រដល់សកម្មភាពមនុស្សធម៌ ក្នុងសង្គមកម្ពុជានៃវិស័យសកម្មភាពកំចាត់មីននេះ៕