(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងនឹងសាងសង់អគារព្យាបាលជំងឺកូវីដ-១៩មួយខ្នងទៀត មានកម្ពស់២ជាន់ ស្ថិតនៅជាប់មណ្ឌលសុខភាពជ្រោយចង្វារ។ លោក ម៉ម ប៊ុនហេង បានអះអាងថា ការសាងសង់អគារនេះ ជាការអនុវត្តន៍តបភ្លាមៗតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីកម្ពុជា ដែលណែនាំឱ្យក្រសួងត្រៀមលក្ខណៈសម្បត្តិឆ្លើយតបក្នុងករណីផ្ទុះរាតត្បាតទ្រង់ទ្រាយធំណាមួយកើតឡើង។
លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាលបញ្ជាក់បែបនេះ ក្នុងឱកាសចុះពិនិត្យទីតាំងមន្ទីរពេទ្យចំនួនពីរ គឺមន្ទីរពេទ្យបង្អែកចតុមុខ និងមណ្ឌលសុខភាពជ្រោយចង្វារ ជាមួយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «បច្ចុប្បន្ននេះ យើងមានទីតាំងព្យាបាលជំងឺកូវីដ-១៩ ចំនួន៣ គឺនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត, មណ្ឌលសុខភាពចាក់អង្រែ និងមជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន។ ប៉ុន្ដែយើងបន្ដពង្រីកបន្ថែមតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលឱ្យយើងត្រៀមលក្ខណៈជាស្រេច បើមានករណីផ្ទុះរាតត្បាតជំងឺកូវីដនេះច្រើន»។
លោក ម៉ម ប៊ុនហេង បញ្ជាក់ទៀតថា «ដូចនេះយើងបានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ជ្រើសយកទីតាំងជិតមណ្ឌលសុខភាពជ្រោយចង្វារ ដើម្បីសាងសង់អគារថ្មីមួយទៀត សម្រាប់ព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩នេះ។ ប្រសិនមិនមានការផ្ទុះរាតត្បាតច្រើនទេ យើងនឹងទុកសម្រាប់ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ។ លើសពីនោះ យើងនឹងបន្ដចុះពិនិត្យទីតាំងបន្ថែមទៀតនៅតាមបណ្ដាខេត្ដ ដើម្បីត្រៀមទុកសម្រាប់ព្យាបាលជំងឺកូវីដ-១៩»។
ជាមួយគ្នានោះ លោករដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងគំាទ្រនូវចក្ខុវិស័យដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រោះជំងឺឆ្លងចាំបាច់ត្រូវតែមានវ៉ាក់សំាង។
«ទន្ទឹមនឹងនោះ យើងក៏ត្រូវបន្ដរួមគ្នាគោរពវិធាននានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩ផងដែរ ខណៈនៅតាមបណ្ដាប្រទេសជឿនលឿនលើសកលលោក ក៏នៅតែបន្ដអនុវត្ដវិធានការពារជំងឺកូវីដ១៩នេះដដែល គឺត្រូវពាក់ម៉ាស លាងសម្អាតដៃឱ្យស្អាតជាមួយសាប៊ូឱ្យបានញឹកញាប់ រក្សាគម្លាតបុគ្គល និងសង្គម ជាពិសេសកុំទៅកន្លែងទីប្រជុំជន មានមនុស្សច្រើន»។ នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
សូមបញ្ជាក់ផងដែរថា ការសាងសង់អគារបន្ថែម ដើម្បីព្យាបាលជំងឺកូវីដ១៩នេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរ រាជធានី ខេត្ត និងក្រសួងសុខាភិបាល ដើម្បីជ្រើសរើសរកទីតាំងណាមួយ ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩។ សម្តេចតេជោ បានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មិនទាន់បានបញ្ចប់នៅឡើយទេ ពោលគឺអាចអូសបន្លាយរហូតដល់ថ្ងៃទី២៨ មករា ក៏ថាបាន។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣១៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៣នាក់៕