(ភ្នំពេញ)៖ ជាថ្មីម្តងទៀត នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញសារអំពាវនាវម្តងទៀតដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមមេត្តាកុំធ្វេសប្រហែសជាមួយជំងឺកូវីដ១៩ ហើយបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ច ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព។

ការចេញមកអំពាវនាវរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលខាងលើនេះ បានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋហាស់ចង់ភ្លេចនូវវិធានការពារ ដោយមើលឃើញថា ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា មានការថមថយ និងមិនមានអ្នកឆ្លងនៅក្នុងសហគមន៍នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោកស្រី ឱ វណ្ណឌីន បានប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំសុំជម្រាបជូនថា ការធ្វេសប្រហែសរបស់បុគ្គល និងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩ ក្នុងគ្រួសារ និងក្នុងសហគមន៍ដោយមិនដឹងខ្លួន។ ដូច្នេះ ការខិតខំអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួន សម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាភារកិច្ចរបស់បុគ្គលម្នាក់»

លោកស្រីបានបន្តថា «យើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស នៃវីរុសកូវីដ-១៩ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡើយ ដែលអាចកើតមានឡើងគ្រប់កាល:ទេស:គ្រប់ពេលវេលា និងគ្រប់ទីកន្លែងលើបុគ្គល ដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល»។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តន៍នូវវិធានការ ៣ការពារ រួមមាន៖ ពាក់ម៉ាស់, លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និងវិធានការ៣កុំ រួមមាន៖

*កុំទៅកន្លែងមានមនុស្សច្រើនកុះករ
*កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន
*កុំប៉ះពាល់គ្នាដូចជាពេលជួបគ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកកគ្នាជាដើម។

លោកស្រី ក៏សូមជូនពរឆ្នាំថ្មីសាកល២០២១ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩ គ្រប់ៗគ្នា។ «សូមឲ្យការភ័យមានតែមួយឆ្នាំ២០២០ និងមានជោគជ័យឈ្នះកូវីដ-១៩នៅឆ្នាំ២០២១»។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក មិនមានពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នោះទេ។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកកំពុងសំរាកនៅមន្ទីរពេទ្យចំនួន ១៨នាក់៕