(ភ្នំពេញ)៖ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើល ហើយក៏គ្មានអ្វីចម្លែកដែរ ដែល នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នេះ ក្រុមជ្រុលនិយម ដឹកនាំដោយ មូរ សុខហួរ បានប្រកាសលើកពេលវិលត្រឡប់មកកម្ពុជាវិញ ខណៈខ្លួនបានអួតក្តែងៗថានឹងវិលត្រឡប់នៅថ្ងៃទី៤ ខែមករាដើម្បីមកតតាំងសំណុំរឿងឧបឃាតដែលមូរ សុខហួរ និងក្រុមមេខ្លោងនៃគម្រោង ធ្វើរដ្ឋប្រហាររលូតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅត្រូវបានតុលាការចោទប្រកាន់។ ពលរដ្ឋខ្មែរពិតជាបានដឹងក្រយៅពិត និងចរិតនយោបាយរេដូចចុងស្រល់របស់ក្រុមជនក្បត់ជាតិមួយក្តាប់តូចនេះថានឹងមិនហ៊ានប្រឈមមុខនឹងផ្លូវច្បាប់ និងជាប់ពន្ធនាគារឡើយ។ ពួកគេប្រកាសចូលស្រុកវិញនៅថ្ងៃទី៤ ខែមករា គ្រាន់តែដើម្បី ផ្តល់ក្តីសង្ឃឹមដល់ក្រុមសកម្មជនតែលតោលរបស់ខ្លួនមួយចំនួន និងគ្រាន់តែជាលេសដើម្បីធ្វើប្រជាភិថុតិ និងដើម្បីរៃអង្គៀសប្រាក់ពីសកម្មជនឆោតល្ងង់របស់ខ្លួនមួយ ចំនួនប៉ុណ្ណោះ។ និយាយឱ្យចំ នេះគ្រាន់តែជាឆាកល្ខោន ដើម្បីប្រមូលលុយតែប៉ុណ្ណោះ ច្រើនជាងការហ៊ានប្រថុយខ្លួនមកប្រឈមមុខច្បាប់នៅកម្ពុជា។
ការប្រកាសលើកពេលវិលត្រឡប់ចូលស្រុកដោយយកមូលហេតុគ្មានជើងយន្តហោះគឺជាលេសរាក់កំផែល និង គ្មានទម្ងន់នឹងធ្វើឱ្យគេជឿឡើយ ព្រោះតាមការពិនិត្យ លើកម្មវិធីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នានាពីសហរដ្ឋអាមេរិកមកកម្ពុជាគឺមានជារៀងរាល់ថ្ងៃ។ អ្វីដែលមូរ សុខហួរ ធ្វើនៅពេលនេះមិនខុសពីការបោកប្រាស់សកម្មជនរបស់ខ្លួនលើកមុនៗរបស់ទណ្ឌិត សម រង្ស៊ី គូកនរបស់ខ្លួនឡើយ។ ការប្រកាសលើកពេលនេះក៏នឹងមិនមែនលើកទី១ ហើយជាលើកចុងក្រោយទេ គឺពួកគេនឹងរិះរកគ្រប់ល្បិចកលដើម្បី រកលេសប្រកាសលើកពេលជារៀងរហូត។ ពួកគេអាច គិតថាក្រុមសកម្មជនតែលតោលរបស់ខ្លួននឹងជឿខ្លួនទៀតក្រោមកលេសរាប់រយជំពូក តែជាក់ស្តែងមិនដូច្នេះ ឡើយ។
ក្រុមកឹម សុខា និយមដែលធ្លាប់ជិះទូករួមគ្នាកាលពីមុន បាននាំគ្នាសើចឡើងរហែកមាត់ដូចត្រីសណ្តាយ ចំណែកក្រុមសកម្មជនតែលតោលបានបន្តបាត់ បង់ជំនឿលើមេដឹកនាំជើងមិនជាប់ដីក្បាលមិនទល់មេឃ នេះ។ តាមពិតទៅ ក្រុមជ្រុលនិយមក្បត់ជាតិ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ហូរ វ៉ាន់ ឡុង រី នុត រំដួលនេះ ពិតជាអស់តម្លៃនយោបាយ តែនៅមានតម្លៃសម្រាប់តែការអនុវត្តច្បាប់ប៉ុណ្ណោះ។
ឆាកល្ខោននៃការរៀបចំផែនការវិលចូលកម្ពុជាវិញគ្រាន់ តែជាល្បិចកលបង្កើតព្រឹត្តិការណ៍ឱ្យគេចាប់អារម្មណ៍ ប៉ុណ្ណោះ តែគេដឹងច្បាស់ថាក្រុមជ្រុលនិយមដែលកំពុងកាន់លិខិតឆ្លងដែនបរទេសទាំងនេះនឹងមិនហ៊ានលះបង់ជីវិតបែបអភិជនរបស់ខ្លួននៅក្រៅប្រទេសមកជាប់គុកនៅកម្ពុជាឡើយ។ ពួកគេពូកែញុះញង់ឱ្យក្រុមសកម្មជន នៅក្នុងស្រុកដើរតាមខ្សែញាក់របស់ខ្លួន និងរុញពួកគេឱ្យ ជាប់គុកជំនួសដោយសារតែអនុវត្តអំពើក្បត់ជាតិ និងបង្កចលាចលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ ធ្នាប់សាធារណៈ ហើយពួកគេងាយនឹងបានរឿងដើររៃអង្គាស់ប្រាក់ដាក់ហោប៉ៅខ្លួនឯងផង និងដើរសម្អុយកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិផង។ តែទង្វើដ៏ស្មោក គ្រោករបស់ក្រុមជ្រុលនិយមទាំងនេះតែងតែទទួល បរាជ័យជានិច្ច និងបានធ្វើឱ្យពលរដ្ឋខ្មែរកាន់តែដឹង និង យល់កាន់តែច្បាស់ថាពួកគេគ្មានបានជួយពលរដ្ឋខ្មែរឡើយ គឺមានតែតាមបំផ្លិចបំផ្លាញ និងជាន់ពន្លិចកម្ពុជា ហើយសូម្បីតែពលរដ្ឋរងគ្រោះនិងព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ ក៏ពួកគេមិនអើពើនិងយកចិត្តទុកដាក់ឡើយ តែបែរជាព្យាយាមបង្កើតព្រឹត្តិការណ៍ប្រមូលផ្តុំ ញុះញង់ បង្កចលាចលាបម្រើឱ្យមហិច្ឆតានយោបាយដ៏ឆ្កួតលីលា របស់ខ្លួនទៅវិញ ខណៈរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានរួឦសាមគ្គីគ្នាជាធ្លុងមួយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ និងរួមគ្នាពង្រឹងខឿនការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ។
ដូច្នេះ ទោះបីជាក្រុមជ្រុលនិយមក្បត់ជាតិដែលមានទណ្ឌិត សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង និងគូកនព្យាយាមផ្លាស់ប្តូរសេណារីយូ ផ្លាស់ប្តូរតួអង្គសម្តែង យ៉ាងណាក៏ដោយ តែភាពកំសាកញី និងការធ្វើ នយោបាយបាយបិណ្ឌជាបាយបាត្ររបស់ខ្លួនមិនអាច គេចផុតពីក្រសែភ្នែកពលរដ្ឋខ្មែរឡើយ។ ពួកគេបានបន្ត ផែនការក្បត់ជាតិ និងការប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជានុរាស្ត្រខ្មែរ។ ពួកគេក៏បាននិងកំពុងបន្តសម្លាប់សកម្មជនរបស់ខ្លួនទាំងនយោបាយ ទាំងហិរញ្ញវត្ថុដោយឱ្យពួកគេអនុវត្តផែនការក្បត់ផ្តួលរំលំរាជរដ្ឋាភិបាលតាមបដិវត្តន៍ពណ៌ និងបន្តរៃអង្គាស់ប្រាក់ពីពួកគេដើម្បីចិញ្ចឹមចលនានយោបាយឧទ្ទាម។ ពីមុន សម រង្ស៊ី បោកប្រាស់ភូតកុហកសកម្មជនថាវិលចូលកម្ពុជាវិញ ឥឡូវមាន មូរ សុខហួរ ចេញមកសម្តែងថាវិលចូលស្រុក វិញតែសុទ្ធតែសន្យាផេះទាំងអស់ នៅថ្ងៃមុខនឹងមានតួអង្គថ្មីៗផ្សេងទៀតប្រកាសចូលស្រុកវិញ តែគេនៅតែជឿថាជាផែនការខ្យល់ដើម្បីចិញ្ចឹមចលនា និងរៃអង្គាស់លុយដើម្បីបន្តជីវិតរស់តែប៉ុណ្ណោះ។ ផលដែលពួកគេទទួលបានគឺការជាប់វណ្ឌកនឹងច្បាប់ និងការបាត់បង់ជំនឿទុកចិត្តរបស់សកម្មជនរបស់ខ្លួនកាន់តែខ្លាំងថែមទៀត៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១