(កណ្តាល)៖ ខ្មាន់កាំភ្លើងម្នាក់ដែលបានបាញ់នគរបាលប៉ុស្តិ៍ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាននៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ ក្រោយធ្វើការឡោមព័ទ្ធ តាំងពីល្ងាចមកនោះ។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅរសៀលថ្ងៃនេះ មានករណីរថយន្តដឹកទំនិញមួយគ្រឿង បានទៅបុកបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតនៅឃុំសំពៅពូន ស្រុកកោះធំ ពេលនោះនគរបាលប៉ុស្តិ៍ ឃាត់អ្នកបើករថយន្តមកដោះស្រាយគ្នា។
ពេលដែលកំពុងសួរនាំនោះ ស្រាប់តែជនល្មើសរូបនេះ បានរត់ចូលទៅក្នុងបន្ទប់នគរបាលប៉ុស្តិ៍ហើយចាក់សោជិត រួចនៅល្ងាចវេលាម៉ោងប្រមាណ៦ ក៏យកកាំភ្លើងដែលទុកនៅក្នុងបន្ទប់នោះ បាញ់ចេញមកក្រៅសំដៅមកលើកងកម្លាំងនគរបាលចំនួន៧គ្រាប់ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះឡើយ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយមានហេតុការណ៍នេះកើតឡើង លោកបានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍នៅកន្លែងនោះ និងធ្វើការឡោមព័ទ្ធដោយប្រើយុទ្ធសាស្រ្តផ្សេងៗ រហូតចាប់ខ្លួនបានជនល្មើសនៅយប់ថ្ងៃដដែលនេះវេលាម៉ោង ប្រមាណ ១០។
សមត្ថកិច្ចបានញ្ជាក់ថា ជនបង្កមានឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរអ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។
បើតាមលោកស្នងការ តាមការសួរនាំ និងធ្វើតេស្តទឹកនោមទៅឃើញថា ជននេះមានការប្រើប្រាស់គ្រឿងញៀនផងដែរ។ នៅពេលនេះជនល្មើសត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត៕