(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារថា ថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១នេះ សម្តេចបានចេញហាត់ប្រាណវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាងមួយខែមកហើយនោះ។
បើតាមសម្តេចតេជោ ការខកខានវាយកូនគោលជាងមួយខែ ព្រោះតែការមមាញឹកនឹងការងារ ជាពិសេសការគ្រប់គ្រងស្ថានការរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍ជាលើកដំបូង២៨វិច្ឆិកា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការខកខានវាយកូនគោលជាងមួយខែ ធ្វើឱ្យសម្តេចឡើងគីឡូ ៥គីឡូក្រាម គឺពី ៧៧គីឡូ ដល់៨២គីឡូ។
សូមបញ្ជាក់ថា សម្តេចតេជោ ជាមេដឹកនាំដែលចូលចិត្តកីឡាជាទីបំផុត។ បច្ចុប្បន្នកីឡាដែលសម្តេចចូលចិត្តបំផុត គឺការលេងកូនគោល។ ការលេងកីឡា បានធ្វើឱ្យសុខភាពសម្តេចនៅតែរឹងមាំទោះឈានចូលដល់វ័យជិត ៧០ឆ្នាំហើយក្តី។ ក្រៅតែពីជួយសុខភាពឱ្យរឹងមាំ ក៏បានជួយរំសាយនូវទម្ងន់ផ្លូវអារម្មណ៍ព្រោះការមមាញឹកនឹងការងារបម្រើជាតិប្រចាំថ្ងៃផងដែរ៕