(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានលេចចេញនូវទម្រង់បោកប្រាស់ថ្មីមួយទៀត តាមប្រព័ន្ធបច្ចេកវិទ្យាពីជនទុច្ចរិត ដើម្បីចូលទៅគ្រប់គណនីបណ្តាញសង្គម ឬអាចឈានទៅគ្រប់គ្រងគណនីធនាគារផង។
អ្នកប្រើប្រាស់បណ្តាញ Whatsapp ម្នាក់ ដែលត្រូវបានគេចូលទៅគ្រប់គ្រងគណនីរបស់ខ្លួន បានឱ្យ Fresh News ដឹងថា ជនទុច្ចរិតបានចូលទៅគ្រប់គ្រងគណនី Whatsapp មិត្តភក្តិរបស់លោក ហើយបានផ្ញើសារមកសុំលេខកូដ៦ខ្ទង់ពីលោក។ បន្ទាប់ពីបានលេខនោះហើយ គឺគេបានចូលទៅគ្រប់គ្រង Whatsapp របស់លោក និងប្រើវិធីនេះទៅកាន់មិត្តភក្តិដទៃរបស់លោក ដើម្បីចូលទៅគ្រប់គ្រងគណនីរបស់អ្នកដទៃទៀត។
សារដែលជនទុច្ចរិតបានប្រើនោះ មានខ្លឹមសារថា «ខ្ញុំសុំទោសខ្ញុំបានផ្ញើលេខកូដ៦ខ្ទង់ដោយចៃដន្យតាមសារជាអក្សរ តើអ្នកអាចផ្ញើវាមកខ្ញុំបានទេ? វាជារឿងបន្ទាន់»។
អ្នកជំនាញសន្តិសុខលើប្រព័ន្ធបច្ចេកវិទ្យាធ្លាប់បានគូសបញ្ជាក់ថា ទាំងនេះសុទ្ធតែជាទម្រង់បោកប្រាស់របស់ជនទុច្ចរិតផ្នែកបច្ចេកវិទ្យា ដើម្បីចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមណាមួយ។ ពួកគេក៏អាចប្រើវិធីនេះ ដើម្បីចូលទៅគ្រប់គ្រងគណនីធនាគារផងដែរ។
ដូច្នេះដើម្បីចៀសវាងការរងគ្រោះ ឬបាត់បង់គណនីបណ្តាញសង្គម និងគណនីធនាគារផងនោះ គឺហាមដាច់ខាតក្នុងការផ្តល់ព័ត៌មានទាក់ទងគណនី លេខសម្ងាត់ ឬលេខកូដណាមួយទៅកាន់ជនដទៃ៕