(ក្រចេះ)៖ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តក្រចេះ បានជួបប្រជុំគ្នាដើម្បីត្រួតពិនិត្យ វាយតម្លៃសភាពការណ៍ការងារឆ្នាំ២០២០ និងលើកទិសដៅបន្តអនុវត្តភារកិច្ចនយោបាយឆ្នាំ២០២១ សំដៅរួមចំណែកយ៉ាងសកម្មជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្នុងសម័យកាលនៃការរាតត្បាតកូវីដ១៩។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តនាថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ ដែលមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិកព្រឹទ្ធសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជាអនុប្រធានក្រុមការងារខេត្ត ប្រធាន អនុប្រធានក្រុមការងារស្រុក ក្រុង ប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សា និងអភិបាលស្រុក ក្រុងទាំង៦ តំណាងយុវជន ព្រមទាំងមន្ត្រីមូលដ្ឋានជាមេឃុំ ចៅសង្កាត់ទាំង៤៧ សរុបមានអ្នកចូលរួមចំនួនប្រមាណ ៣០០នាក់។
អង្គប្រជុំបានពិនិត្យពិភាក្សាសភាពការណ៍ទូទៅ និងវាយតម្លៃខ្ពស់ចំពោះកំលាំងសាមគ្គី និងលទ្ធផលការងាររបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តក្រចេះសម្រេចបានកន្លងមក ដែលបានចូលរួមចំណែកនៅក្នុងសមិទ្ធផលជាស្នាដៃកសាងអភិវឌ្ឍសង្គមជាតិនៅទូទាំងប្រទេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ២០២០។
ចុងបញ្ចប់ អង្គប្រជុំបានឯកភាពខ្ពស់សំរួចឆន្ទះមោះមុតអនុវត្តភារកិច្ចនយោបាយឆ្នាំ២០២១ ដោយពុះពារជំនះរាល់ឧបសគ្គ ការលំបាក ពិសេសផលប៉ះពាល់ជាវិបត្តិបង្កឡើងដោយជម្ងឺកូវីដ១៩ សំដៅបន្តចូលរួមយ៉ាងសកម្មជម្រុញការអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុសុខសន្តិភាពរឹងមាំសម្រាប់ការអភិវឌ្ឍន៍ សម្រាប់វិបុលភាព និងសុខុមាលភាព របស់ប្រទេសជាតិ និងប្រជាជនកម្ពុជាយូរអង្វែងតរៀងទៅ៕