(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបានមរតកកើតចេញពីចំណងស្នេហ៍ដ៏កម្សត់មួយទៀត គឺជាចៅស្រី ដែលជាចៅទី២២។
បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ចៅស្រី ដែលជាចៅទី២២នេះ បានប្រសូត្រនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ។
សម្តេ ចតេជោ បានបញ្ជាក់នៅលើទំព័រ Facebook យ៉ាងដូច្នេះ «ថ្ងៃទី៣ មករា ២០២១នេះ ខ្ញុំ និងភរិយាទទួលបានចៅស្រីម្នាក់ទៀតដែលជាចៅទី២២ និងអាចជាចៅចុងក្រោយប្រសិនបើ ពុំមានកូនណាមួយចង់បានកូនបន្ថែមទៀតនោះទេ»។
សម្តេចតេជោ បានរំលឹកថា កាលពីខែមករា ឆ្នាំ២០០០ សម្តេចទទួលបានចៅស្រីលើកដំបូង ហើយពេលនេះខែមករា
ដដែល បានទទួលចៅស្រីជាចៅទី២២ ដែលនេះបញ្ជាក់ថាមួយឆ្នាំសម្តេចទទួលបានចៅម្នាក់។
«មកដល់ពេលនេះខ្ញុំមានចៅប្រុស ១២នាក់ និងចៅស្រី១០នាក់។ ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី និងកីឡាផ្សេងទៀត ដែលប្រើមនុស្សតិចជាង ១២នាក់បង្កើតបានយ៉ាងងាយ»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែម។
ក្រៅតែពីចង់បង្កើតជាក្រុមបាល់ទាត់ បាល់ទះ បាល់បោះហើយ សម្តេចតេជោ នៅចង់បង្កើតវង់តន្រ្តីសម័យរបស់ចៅៗមួយវង់ទៀតផង ព្រោះពេលនេះចៅប្រុសចៅស្រីចេះលេងភ្លេង និងច្រៀងបានខ្លះហើយ។
សម្តេចតេជោ បានបញ្ជាក់ដែរថា ក្នុងសម័យកូវីដ១៩នេះ សម្តេចទទួលបានចៅស្រីពីរនាក់ ហើយព្រោះតែវិធានការការពារជំងឺកូវីដ១៩ សម្តេចមិនបានទៅបីចៅចេញពីបន្ទប់សម្រាលដូចចៅមុនៗ ទេ។
ជាការកត់សម្គាល់ការទទួលបានចៅស្រី ដែលជាចៅទីពីរនេះ គឺមុនតែពីរថ្ងៃប៉ុណ្ណោះ នៃខួប៤៤ឆ្នាំ អាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានរៀបចំឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦។
មរតកកើតចេញពីចំណងអាពាហ៍ពិពាហ៍ដ៏កម្សត់ក្នុងរបបអាវខ្មៅ ប៉ុល ពត, សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានកូន៥នាក់ (ប្រុស៣នាក់ ស្រី២នាក់) និងគិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ ទទួលបានចៅ ២២នាក់ (ប្រុស១២នាក់ ស្រី ១០នាក់)។
សូមបញ្ជាក់ថា ចៅស្រីដែលជាចៅទី២២ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាបុត្រីនៃមរតកចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕