(ភ្នំពេញ)៖ ទីបំផុតពុតត្បុតរបស់ក្រុមថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ ដែលជាឧទ្ទាមក្រៅច្បាប់ ត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតជាថ្មី គឺពួកគេមិនបានត្រឡប់មកប្រទេសកម្ពុជានោះឡើយដូចការសន្យាឡើយ គឺបានត្រឹមសម្តែងបោកបារម្មណ៍អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ។ ទង្វើបោកប្រាស់របស់ពួកគេ បាននាំមកនូវភាពអាម៉ាស និងការសើចចំអកដូចអាក្រាតកាយកណ្តាលវាល។
បន្ទាប់ពីការខកខានមិនអាចចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមហេតុផលគ្មានជើងហោះហើរ និងវិធានការបង្ការជំងឺកូវីដ១៩នោះ លោកស្រី មូរ សុខហួរ រួមនិងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិមួយចំនួន បានថ្លែងអះអាងយ៉ាងមុតមាំថា ពួកគេនឹងចូលមកប្រទេសកម្ពុជាជាថ្មីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
សម្តី និងសកម្មភាពនានា លោកស្រី មូរ សុខហួរ ហាក់បានបង្ហាញនូវជំនឿចិត្តមុតមាំណាស់ក្នុងការវិលត្រឡប់ចូលប្រទេសកម្ពុជាឱ្យបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ទោះបីមានឧបសគ្គ ឬការរាំងស្ទះខ្លាំងយ៉ាងណាក៏ដោយនោះ។ សម្តី និងសកម្មភាព របស់លោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត បានធ្វើឱ្យក្រុមអ្នកគាំទ្រមួយក្តាប់តូច បានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំ និងជ្រាលជ្រៅថា ក្រុមអ្នកនយោបាយដែលគេគោរពស្រឡាញ់វិលត្រឡប់ចូលស្រុក។
ដូចអ្វីដែលបានលើកឡើងថា នៅថ្ងៃទី១៥ ខែមករា ម្សិលមិញនេះ លោកស្រី មូរ សុខហួរ បានចាប់ផ្តើមធ្វើសកម្មភាពហោះចេញពីរដ្ឋមួយទៅរដ្ឋមួយលើទឹកដីអាមេរិក។ នៅយប់ថ្ងៃទី១៥ ម៉ោងនៅអាមេរិក ត្រូវនឹងព្រឹកថ្ងៃទី១៦ ខែមករា ម៉ោងនៅកម្ពុជា លោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំអតីតតំណាងរាស្ត្រមួយចំនួនទៀត បានធ្វើដំណើរដល់ព្រលានយន្តហោះឡូសអានឈើលេស ទីដែលត្រូវធ្វើដំណើរចេញពីអាមេរិក ឈ្មោះមកកាន់សិង្ហបុរី ហើយដូរជើងហោះហើរមកកាន់ប្រទេសកម្ពុជា។
មកដល់ព្រលានយន្តហោះឡូសអានឈើលេស ពុតត្បុត និងភាពអាម៉ាសរបស់លោកស្រី មូរ សុខហួរ ត្រូវបានលាតត្រដាង។ តាមពិតទៅលោកស្រី មូរ សុខហួរ បានត្រឹមតែទិញសំបុត្រយន្តហោះ តែមិនមានទិដ្ឋាការសម្រាប់ចូលទៅកាន់ប្រទេសគោលដៅនោះឡើយ ដូច្នេះគេក៏មិនអាចឱ្យលោកស្រីឡើងយន្តហោះបានដែរ។
ត្រង់ចំណុចនេះ ចង់បញ្ជាក់មិត្តអ្នកអានបន្តិចថា ដើម្បីធ្វើដំណើរទៅកាន់ប្រទេសណាមួយ ដែលមិនមែនជាប្រទេសកំណើតយើងទេនោះ។ អ្នកធ្វើដំណើរត្រូវទិញសំបុត្រយន្តហោះ ហើយត្រូវសុំទិដ្ឋាការ ដែលគេនិយមហៅទូទៅថា វិហ្សា (VISA)។
ករណីលោកស្រី មូរ សុខហួរ ប្រសិនបើគាត់ចូលមកប្រទេសកម្ពុជា ដោយកាន់លិខិតឆ្លងដែនរបស់ខ្មែរ គឺគាត់មិនត្រូវឱ្យសុំទិដ្ឋាការនោះឡើយ។ តែដោយសារលិខិតឆ្លងដែនគាត់ត្រូវបានរាជរដ្ឋាភិបាលមោឃភាពចោល ដូច្នេះគាត់មិនអាចប្រើលិខិតឆ្លងដែននេះ ដើម្បីចូលមកកម្ពុជានោះឡើយ។
ដោយសារតែលោកស្រី មូរ សុខហួរ មានសញ្ជាតិអាមេរិក ដូច្នេះក្នុងដំណើរស្វះស្វែងចូលប្រទេសកម្ពុជាវិញ នាពេលនេះ លោកស្រី មូរ សុខហួរ បានប្រើលិខិតឆ្លងដែនអាមេរិក។ បើលោកស្រី មូរ សុខហួរ ប្រើលិខិតឆ្លងដែនអាមេរិក ដូច្នេះការចូលមកប្រទេសកម្ពុជា គឺទាមទារឱ្យសុំទិដ្ឋាការចូលមកប្រទេសកម្ពុជា។ បើគ្មានការផ្តល់ទិដ្ឋាការពីស្ថានទូតកម្ពុជានៅអាមេរិក គេច្បាស់ជាមិនឱ្យលោកស្រី មូរ សុខហួរ ឡើងយន្តហោះមកកម្ពុជានោះឡើយ។
លោកស្រី មូរ សុខហួរ ជាអ្នកដែលប្រើការហោះហើរច្រើនរាប់មិនអស់នោះ ច្បាស់ជាយល់ច្បាស់ណាស់ពីនីតិវិធីនេះ។ តែហេតុអ្វីលោកស្រី មូរ សុខហួរ នៅតែប្រឹងប្រែងនិយាយផ្តល់ការអះអាងជាក់ច្បាស់ពីជំហរក្នុងការវិលត្រឡប់ចូលមកប្រទេសកម្ពុជា ទាំងដឹងថាខ្លួនចូលមកមិនបាននោះ?
តាមពិតទៅលោកស្រី មូរ សុខហួរ បានដឹងច្បាស់ណាស់ថា ខ្លួនមិនអាចចូលមកដល់ប្រទេសនោះឡើយ។ តែដើម្បីលាងភាពអាម៉ាស និងស្រោចស្រង់ការនិន្ទារបស់មហាជន រួមទាំងអ្នកគាំទ្រខ្លួន ចំពោះការខកខានចូលមកប្រទេសកម្ពុជានាថ្ងៃទី០៤ ខែមករា នោះ លោកស្រី មូរ សុខហួរ ប្រឹងប្រែងសម្តែងនូវឆាកល្ខោនមួយឱ្យមហាជន និងអ្នកគាំទ្រខ្លួនមើលឃើញថា ខ្លួនពិតជាមានចេតនាមកប្រទេសកម្ពុជា មិនបានពោលពាក្យបោកប្រាស់នោះឡើយ។
ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ហាក់ផ្តល់ក្តីសង្ឃឹមខ្លាំងណាស់ចំពោះការតាំងចិត្តរបស់មនុស្សដែលពួកគេគោរព ទោះបីត្រូវចាញ់បោកច្រើនដងក្តី។ ពួកគេសង្ឃឹមថា មេដឹកនាំដែលប្រឹងប្រែងផ្តល់សេចក្តីទុកចិត្ត និងជឿជាក់ នឹងមិនបោកប្រាស់ទឹកចិត្តរបស់ពួកគេជាថ្មីទៀតនោះឡើយ។
តែទីបំផុតអ្វីដែលពួកគេមិនចង់ឃើញ មិនចង់ឮនោះ នៅតែបន្តកើតមានចំពោះក្រុមមេដឹកនាំអតីតគណបក្សជំទាស់ គឺ «បោកនៅតែបោក» «កំសាកនៅតែកំសាក»។ បើថាមកមិនដល់ប្រទេសកម្ពុជា ព្រោះកម្ពុជាមិនផ្តល់ទិដ្ឋាការ តែបើពួកគេនាំគ្នាធ្វើដំណើរមកដល់ត្រឹមសិង្ហបុរី ក៏ធ្វើឱ្យអ្នកគាំទ្រអស់ចិត្ត និងបង្ហាញពីឆន្ទៈពិតប្រាកដមួយក្នុងការវិលចូលស្រុក។ តែនេះពួកគេហោះមិនផុតពីទឹកដីអាមេរិកផង។
សូមសរសើរពិតជាជំនាញអ្នកបោកមែន! «បោកនៅតែបោក មួយខែបោកពីរដង»។ ការសម្តែងឆាកល្ខោនក្នុងការវិលត្រឡប់ចូលប្រទេសរបស់លោកស្រី មូរ សុខហួរ និងបក្ខពួកនាពេលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីពុតត្បុត និងកម្សោយខ្វះក្តីក្លាហានរបស់ពួកគេ ឬអាចនិយាយបានអ្នកនយោបាយបានតែសម្តី ខ្វះទង្វើ៕