(កណ្ដាល)៖ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសក្នុងការហាមឃាត់មិនឲ្យមានការនាំចូលត្រីចំនួន៤ប្រភេទ ដើម្បីស្ដារលើកកម្ពស់វារីវប្បកម្មនៅក្នុងស្រុក, ខណ្ឌរដ្ឋបាលជលផល ខេត្តកណ្ដាល បានដឹកនាំដោយលោក ហេង សុភារិទ្ធិ បានសហការជាមួយអាជ្ញាធរស្រុកកោះធំ និងកម្លាំងចម្រុះនានាបានបើកប្រតិបត្តិការ ក្នុងការត្រួតពិនិត្យការនាំចូលត្រីតាមច្រកព្រំដែននៅខេត្តកណ្ដាល នៅចំណុចស្រុកកោះធំ នៅល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
ក្រុមប្រតិបត្តិការត្រួតពិនិត្យនេះរថយន្តចំនួន២០គ្រឿង ត្រូវបានត្រួតពិនិត្យខណៈដែលត្រីចំនួន១៥០តោន ត្រូវបានឆែកឆេរ, ក្នុងនោះ គេមិនបានរកឃើញចំនួនត្រីទាំង៤ប្រភេទ ដែលធ្វើការហាមឃាត់ឡើយ។ ត្រីទាំងបួនប្រភេទ ដែលហាមឃាត់មិនឲ្យនាំចូលរួមមាន៖ ត្រីរ៉ស់ ត្រីប្រា ត្រីពោរ និងត្រីឆ្តោរ។ នេះបើយោងតាមការឲ្យដឹងពីលោក ហេង សុភារិទ្ធិ បានប្រាប់មកភ្នាក់ងារព័ត៌មាន Fresh News តាមរយៈទូរស័ព្ទនៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ។
លោកថា «បន្ទាប់ពីមានបើកកិច្ចប្រជុំជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាលរួចមក កម្លាំងរបស់លោកបានសហការគ្នាចុះត្រួតពិនិត្យ បើកប្រតិបត្តិការនៅក្នុងការតាមដាន ការនាំចូលត្រីប្រភេទហាមឃាត់ ទាំងនេះ មិនឲ្យមានការនាំចូលនោះទេខណៈដែលរថយន្ត២០គ្រឿង ត្រូវបានត្រួតពិនិត្យតាមមើលថា មានរូបនាងខណៈដែលជាក់ស្ដែងពុំមានឃើញត្រីដែលហាមឃាត់នោះឡើយ»។
លោកបន្តទៀតថា កម្លាំងរបស់លោកនៅតែបន្តតាមដាន និងធ្វើការត្រួតពិនិត្យជាប្រចាំចំពោះការនាំចូលត្រីពីខាងប្រទេសវៀតណាមតាមច្រកទាំង៤ នៃខេត្តកណ្ដាលមានច្រកក្អមសំណរ ច្រកព្រែកជ្រៃ ច្រកជ្រៃធំ និងច្រកព្រែកស្បូវ ខណៈដែលកម្លាំងជលផលបានធ្វើការត្រួតពិនិត្យគ្រប់រថយន្តទាំងអស់ ធ្វើយ៉ាងណាមិនឲ្យមានការនាំចូលនូវបនរភេទត្រីដែលហាមឃាត់នោះឡើយ, ដោយគោរពតាមគោលការណ៍របស់ក្រសួងកសិកម្ម ក្នុងទិសដៅដើម្បីជួយលើកកម្ពស់វ៉ារីវប្បកម្ម នៅក្នុងស្រុកពិសេស ធ្វើយ៉ាងណាដើម្បីជួយស្ដារសេដ្ឋកិច្ចប្រជាពលរដ្ឋអ្នកចិញ្ចឹមត្រីទាំងនោះ៕