(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំង ដីសម្បទានសង្គមកិច្ច ទាំងដីលំនៅដ្ឋាន និងដីកសិកម្ម ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ដែលគ្រោងចាប់ឆ្នោតប្រគល់ជូនគ្រួសារអតីតយុទ្ធជនក្នុងខេត្តចំនួន ៦២៨គ្រួសារ។
ការចុះពិនិត្យទីតាំងនេះ បានការអញ្ជើញចូលរួមពីនាយក នាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត, ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរដែនដីជាច្រើនទៀត។
បើតាមលោក ឱន សុទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ដីសម្បទាសង្គមកិច្ចខាងលើនេះ គ្រោងចាប់ឆ្នោតប្រគល់ជូនគ្រួសារអតីតយុទ្ធជនចំនួន៦២៨គ្រួសារ ដោយចែកចេញជា ២ដំណាក់កាលរួមមាន៖
*ដំណាក់កាលទី១៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្ត ស្ថិតក្រោមអធិបតីលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៣៦៦គ្រួសារ
*ដំណាក់កាលទី២៖ ចំនួន២៦២គ្រួសារ នាពេលឆាប់ៗខាងមុខ ដោយក្នុងមួយគ្រួសារៗទទួលបាន ផ្ទៃដីលំនៅដ្ឋាន និងដីកសិកម្ម ទំហំ៧០x១៥០ម៉ែត្រ ស្មើនឹង១ហិកតា ៥អា។
លោក ម៉ៅ ធនិន បានលើកឡើងថា ការផ្តល់ជូនដីសម្បទាសង្គមកិច្ចខាងលើនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខគ្រួសារ និងអតីតយុទ្ធជន ដែលបានខិតខំបំពេញបេសកកម្មការពារជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។
ដោយមើលឃើញពីពលីកម្មដ៏ធំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចរដ្ឋបាលខេត្ត បានរៀបចំដីលំនៅដ្ឋាន និងដីកសិកម្ម ជាការរំលឹកដឹងគុណ ចំពោះអតីតយុទ្ធជនយើង។ លោកសង្ឃឹមថា ក្រោយពីទទួលបានដីសម្បទានសង្គមកិច្ចនេះ បងប្អូនគ្រួសារ និងអតីតយុទ្ធជនទាំងអស់ នឹងយកទៅគ្រប់គ្រង និងធ្វើការដាំដុះ បង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
ក្នុងថ្ងៃដដែលនោះ លោកបានបន្តចុះពិនិត្យមើល ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ តភ្ជាប់ពីទីប្រជុំជន ឃុំឈើតុំ ស្រុកក្រគរ ឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលមានប្រវែង១៤គីឡូម៉ែត្រ ប្រើប្រាស់ថវិការបស់ខេត្តផងដែរ៕