(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងចូលព្រះទិវង្គត សម្តេចព្រះបរមរាមា នរោត្តម យុវនាថ។
សាររំលែកព្រះមរណទុក្ខដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទូលព្រះបង្គំយើងខ្ញុំ ទាំងអស់គ្នា មានក្តីក្តុកក្តួលរំជួលចិត្ត ជាអនេកប្បការ ដោយបានទទួលព្រះរាជដំណឹង សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់យាងសោយព្រះ ទិវង្គត ក្នុងព្រះជន្ម ៧៨ ព្រះវស្សា ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ខែមករា ឆ្នាំ២០២១»។
លោកបានថ្លែងទៀតថា «នាឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំបំផុតនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាមានក្តីសង្វេគសោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះថាការយាងសោយព្រះទិវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បង់នូវព្រះរាជវង្សានុវង្សមួយអង្គដែលបានបូជានូវព្រះរាជកម្លាំងកាយចិត្តក្នុងការបម្រើព្រះរាជកិច្ចថ្វាយអង្គព្រះមហាក្សត្រ»។
ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមថ្វាយមហាព្រះរាជកុសល និងសូមឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេព្តាទាំងមួយម៉ឺនលោកធាតុ តេជះបារមី
នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)។នេះបើតាមការជូនដំណឹងរបស់មន្រ្តីព្រះបរមរាជវាំង។
សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ វររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី។ សម្តេចព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕