(ភ្នំពេញ)៖ មន្រ្តីនគរបាលជាតិជាន់ខ្ពស់ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ប្តីប្រពន្ធ ដែលជាបក្ខពួករបស់ជនដៃដល់ អ៊ា ណារ៉េន នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីមួយដើម និងគ្រាប់មួយចំនួនផងដែរ។
បើតាមមន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បក្ខពួកជាប្តីប្រពន្ធខាងលើ គឺជាអ្នកផ្តល់មធ្យោបាយនូវម៉ូតូមួយគ្រឿង ដល់ជនដៃដល់យកជិះគេចខ្លួនបន្ត។ ការចាប់ខ្លួននេះ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនផងដែរ ដែលធ្លាប់បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាមួយជនដៃដល់។
ក្រោយការចាប់ខ្លួនភ្លាម, ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តទៀត។ សម្រាប់សាកសពជនដៃដល់ ត្រូវបានសមត្ថកិច្ចប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា បានដឹកមកតម្កល់ទុកនៅក្នុងវត្តរង់ចាំប្រពន្ធកូន និងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា កាលពីល្ងាចម្សិលមិញ ជនដៃដល់ដែលបានបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌ ពេលនេះបានស្លាប់ហើយ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួន។
ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលស្រុកសំបូរ ខេត្តក្រចេះ និងនគរបាលខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់។
ជនដៃដល់ដែលត្រូវបាញ់ស្លាប់ ក្រោយតដៃជាមួយសមត្ថកិច្ចនេះ មានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់សម្លាប់ លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីមានទំនាស់ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍ នៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។
មុនពេលគ្រោះថ្នាក់ចរាចរណ៍នោះ ជនដៃដល់ដែលជាខ្មាន់កាំភ្លើង និងបក្ខពួកម្នាក់ទៀត បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះបណ្តាលឲ្យបែកស្តុបខាងក្រោយ បន្ទាប់ពីបុកហើយភាគីទាំងពីរ ក៏បានបើករថយន្តចូលខាង ដើម្បីសម្របសម្រួលគ្នា បន្ទាប់ពីសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងហើយក៏មិនត្រូវគ្នា ស្រាប់តែមួយសន្ទុះក្រោយមកទៀតជនដៃដល់បាន ដើរទៅឡានទាញកាំភ្លើងយកមកបាញ់ជនរងគ្រោះ ត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែង ហើយនាំគ្នាបើករថយន្តរត់គេចខ្លួនតែម្តង។
ក្រោយប្រតិ បត្តិការស្រាវជ្រាវដោយដោយនគរបាលព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន រហូតដល់រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ។ បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះ កែ ចាន់មាន ដែលត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើស រួមមាន៖ សមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន ហើយត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន៕