(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ទី១៦ ខែមករា ឆ្នាំ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹងចំនួន៣០គ្រួសារ មកពី៨ភូមិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា បានលើកឡើងថា ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនដើម្បីចូលរួមជួយរំលែកនូវការលំបាកចំពោះមុខរបស់បងប្អូន។
បន្ទាប់មកលោក ឌី រ័ត្នខេមរុណ បានបន្តថា ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជាដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
លោកប្រធានបញ្ជាក់ថា អំណោយដែលទទួលបានក្នុងមួយគ្រួសារ រួមមាន៖ អង្ករ ១បាវ ស្មើនឹង៣០គីឡូក្រាម, មី១កេស, ទឹកស៊ីអ៉ីវ១យួរ, ទឹកសុទ្ធ១យួរ, ឃីត១កញ្ចប់ រួមទាំងថវិកា២ម៉ឺនរៀលផងដែរ៕