(ភ្នំពេញ)៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ បានវាយតម្លៃលើការវិលត្រឡប់មិនបានសម្រេចរបស់ លោកស្រី មូរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះថា ជាចេតនាក្នុងការបង្កើតព្រឹត្តិការណ៍មួយ ដើម្បីឱ្យអ្នកគាំទ្រអស់ចិត្តប៉ុណ្ណោះ។
លោកស្រី មូរ សុខហួរ ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក បានចេញដំណើរពីទីក្រុងបូស្តុន កាលពីថ្ងៃទី១៥ ខែមករា ទៅដល់ទីក្រុង Los Angels សហរដ្ឋអាមេរិក នៅថ្ងៃសៅរិ៍ ទី១៦ ខែមករា។ លោកស្រីបានទៅកាន់ព្រលានយន្តហោះ Los Angels ដើម្បីហោះមកកាន់ប្រទេសសិង្ហបុរី ដោយប្រកាសថានឹងបន្តដំណើរមកកម្ពុជា ប៉ុន្តែលោកស្រីត្រូវបានបុគ្គលិកព្រលានយន្តហោះបញ្ជាក់ថា មិនមានឯកសារគ្រេប់គ្រាន់ក្នុងហោះចេញពីសហរដ្ឋអាមេរិកនោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន បានចាត់ទុកថា នេះជាការបង្កើតព្រឹត្តិការណ៍ ដើម្បីធ្វើឱ្យអ្នកគាំទ្រនៃអតីតគណបក្សសង្រ្គោះជាតិអស់ចិត្តប៉ុណ្ណោះ។ លោកបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំមើលទៅ គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ទេ យើងដឹងហើយថា គាត់មិនអាចត្រឡប់មកវិញទេ ហើយខ្ញុំក៏បានគិតមុនដែរថា ប្រហែលជាមិនមានឱកាសដើម្បីត្រឡប់មកវិញនៅពេលនេះទេ ក្នុងដំណាក់កាលដែលយើងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩»។
បើតាមអតីតថ្នាក់ដឹកនាំ CNRP ដែលទទួលបាននីតិសម្បទានយោបាយរូបនេះ, លោកស្រីមូ សុខហួរ អាចយល់ខុស ឬវាយតម្លៃការវិលត្រឡប់មិនត្រូវ។ លោកបញ្ជាក់ថា៖ «ព្រឹត្តិការណ៍របស់ លោកស្រី មូ សុខហួរ គ្រាន់តែធ្វើឱ្យអ្នកគាំទ្រអស់ចិត្ត ធ្វើឱ្យអ្នកគាំទ្រពីការប្តេជ្ញាចិត្តរបស់គាត់តែប៉ុណ្ណោះ»។
ចាប់តាំងពីមានការផ្ទុះការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង កម្ពុជាបានដាក់លក្ខខណ្ឌក្នុងការចេញទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីបណ្តាប្រទេសនានា ដោយមិនមានការផ្តល់ទិដ្ឋាការតាមស្ថានទូត ឬអនឡាញ ឬពេលអ្នកទេសចរមកដល់ទៀតឡើយ ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩។
ភ្ញៀវទេសចរបរទេសដែលកាន់លិខិតឆ្លងដែនបរទេសចង់មកកាន់កម្ពុជា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងនោះតម្រូវឱ្យមាន ១៖ សំបុត្របញ្ជាក់ភាពអវិជ្ជមាន កូវីដ-១៩ (៧២ម៉ោង) ពេលទៅ check in, ២៖ ត្រូវកក់ប្រាក់ ២ពាន់ដុល្លារ ក្នុង១នាក់ សម្រាប់ធានាស្នាក់នៅ ហូបចុក, ៣៖ ត្រូវទិញធានារ៉ាប់រងដែលអាចរ៉ាប់រង៥ម៉ឺនដុល្លារ ពេលតម្រូវការព្យាបាល និង៤៖ ត្រូវធ្វេីចត្តាឡីស័ក ១៤ថ្ងៃ និងយកវត្ថុពីរដង ថ្ងៃមកដល់ និងថ្ងៃទី១៣ជាដើម។ សម្រាប់អ្នកធ្វើដំណើរជាជនជាតិខ្មែរ ដែលប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា ឬលិខិតឆ្លងដែនបរទេស មិនតម្រូវឱ្យមានអ្នកធានា ឬតម្កល់លុយឡើយ ប៉ុន្តែអនុវត្តការធ្វើចត្តាឡីស័កពេញលេញ ក្រោយពីយកសំណាកវិភាគតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកគាំទ្រ លោក កឹម សុខា បានវាយតម្លៃដឹងមុនម្ល៉េះអំពីចេតនាមិនមកកម្ពុជារបស់ លោកស្រី មូរ សុខហួរ។ លោក មុត ចន្ថា បានសរសេរនៅលើ Facebook របស់លោកមុនពេលលោកស្រី មូរ សុខហួរទៅកាន់ព្រលានយន្តហោះដោយជំរុញឱ្យអ្នកគាំទ្រ «រង់ចាំស្តាប់លេស និងហេតុផលដោះសារ»។
លោកស្រី មូរ សុខហួរ ត្រូវតុលាការចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន ឆ្នាំ២០១៩ ក្នុងសំណុំរឿង «ឧបឃាត» ដែលក្នុងនោះមាន លោក សម រង្ស៉ី និងបក្ខពួកមួយចំនួនទៀតដូចជា លោក អេង ឆៃអ៊ាង, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលជាដើម។
សំណុំរឿងនេះ ផ្តើមចេញពីការចាប់ផ្តើមប្រកាសអំពីគម្រោងផែនការមាតុភូមនិវត្តន៍ «៩វិច្ឆិកា» ដែលលោក សម រង្ស៉ី អំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ និងអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបង្វែកាណុងបាញ់ទៅកាន់រដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។ រដ្ឋាភិបាលបានចាត់ទុកការប្រកាសបែបនោះថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩៕