(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចេញមុខបកអាក្រាត លោកស្រី មួ សុខហួរ និងបក្ខពួក រឿងកុហកថាខ្លួនមិនអាចមកខ្មែរបាន ដោយសាររាជរដ្ឋាភិបាលមិនចេញទិដ្ឋាការឲ្យ។
តាមរយៈបណ្តាញព័ត៌មាន Fresh News លោក សួន សេរីរដ្ឋា បានលើកឡើងយ៉ាងដូច្នេះថា ទាក់ទងនឹងឆាកល្ខោននយោបាយបោកប្រាស់របស់ មួ សុខហួរ និងបក្ខពួកក្រុមអ្នកនយោបាយទាល់ច្រកដែលបានសំដែងនៅព្រលានយន្តហោះថា ខ្លួននិងបក្ខពួកមិនអាចបន្តធ្វើដំណើរវិលមកប្រទេសកម្ពុជាបាន ព្រោះគ្មានវីសា (ទិដ្ឋាការ) គេមិនឲ្យឡើងយន្តហោះមកបន្តមកប្រទេសនោះ ខ្ញុំសូមធ្វើការបកអាក្រាតល្ខោននយោបាយនេះដូចតទៅ៖
១៖ មួ សុខហួរ ជាពលរដ្ឋខ្មែរ សញ្ជាតអាមេរិកាំង ដែលអាចកាន់លិខិតឆ្លងដែនពីរគឺ លិខិតឆ្លងដែនខ្មែរមួយ និងលិខិតឆ្លងដែនអាមេរិកាំងមួយ។ បើ មួ សុខហួរ ប្រើលិខិតឆ្លងដែនអាមេរិកាំង ធ្វើដំណើរមកប្រទេសខ្មែរនោះ គឺមិនទាមទាចាំបាច់ឲ្យសុំវីសា (ទិដ្ឋាការ) ជាមុនបិទនៅលើលិខិតឆ្លងដែនទេ ពីព្រោះរដ្ឋាភិបាលខ្មែរផ្តល់ វីសា (ទិដ្ឋាការ) មកដល់ (Arrival Visa) ចំពោះពលរដ្ឋអាមេរិកាំង និងអឺរ៉ុប...។ ដូចនេះគឺ មួ សុខហួរ មានសិទ្ធិអាចធ្វើដំណើរជិះយន្តហោះបន្តមករហូតចូលដល់ច្រកអន្តរជាតិក្នុងប្រទេសខ្មែរ ហើយគាត់អាចស្នើសុំវីសា (ទិដ្ឋាការ) ពេលមកដល់ (Arrival Visa) នៅក្នុងច្រកអន្តរជាតិក្នុងប្រទេសតែម្តង។
២៖ បើ មួ សុខហួរ ប្រើលិខិតឆ្លងដែនខ្មែរ ទោះជាលិខិតឆ្លងដែននោះផុតសុពលភាពក្តី ឬត្រូវមោឃភាពចោលរួចហើយក៏ដោយ តែដោយសារ មួ សុខហួរ ជាពលរដ្ឋខ្មែរ ជនជាតិខ្មែរ ការធ្វើដំណើរចេញពីប្រទេសគេ មកស្រុកខ្មែរវិញនោះ គេមិនគិតពីបញ្ហាលិខិតឆ្លងដែនហួសសុពលភាព ឬមោឃភាពទេ ដោយមន្ត្រីអន្តោរប្រវេសន៍នៃប្រទេសគេ គ្រាន់តែវាយត្រាបន្ថែមលើលិខិតឆ្លងដែននោះ ឬចេញលិខិតបញ្ជាក់ការធ្វើដំណើរ (Oneway Travel Document) ឲ្យ មួ សុខហួរ កាន់មកជាមួយប៉ុណ្ណោះ។ ពោលគេមិនចង់រក្សាទុកពួកជនបរទេសដែលខុសច្បាប់ (គ្មានសុពលភាពលិខិតឆ្លងដែន) ឲ្យរស់នៅក្នុងប្រទេសគេទេ។
៣៖ បក្ខពួក មួ សុខហួរ ក្នុងក្រុមអ្នកនយោបាយទាល់ច្រក ដែលប្រកាសវិលចូលស្រុកខ្មែរ ជាមួយនិង មួ សុខហួរ គឺមានអ្នកគ្មានសញ្ជាតិបរទេស តែមានលិខិតឆ្លងដែនខ្មែរមួយដែលគ្មានសុពលភាព និងអ្នកដែលមានសញ្ជាតបរទេស ដែលមានលិខិតឆ្លងដែនពីរដូច មួ សុខហួរ ដែរដែលអ្នកអស់នោះសុទ្ធតែត្រូវនឹងលក្ខខ័ណ្ឌក្នុងចំណុច (១) និង (២) ខាងលើដែលអាចទិញសំបុត្រយន្តហោះធ្វើដំណើរចូលមកប្រទេសខ្មែរបានគ្រប់គ្នា។
លោកបន្តថា ដូចនេះគ្មាននរណាបិទផ្លូវ គ្មាននរណាមិនឲ្យឡើងយន្តហោះទេ! បើពិតជាបានទិញសំបុត្រយន្តហោះធ្វើដំណើរត្រឡប់មកប្រទេសខ្មែរមែននោះ! តែនេះវាជាល្ខោននយោបាយ បោកប្រាស់របស់ មួ សុខហួរ និងបក្ខពួកអ្នកនយោបាយទាល់ច្រកក្រោមឆ័ត្រ មេភូតភរ សម រង្ស៊ី ដែលសំដែងបោកប្រាសភូតភរអ្នកគាំទ្រខ្លួន មើលងាយអ្នកគាំទ្រខ្លួនឯងនៅក្រៅស្រុកថា ជាពួកល្ងង់ ដែលខ្លួនទុកជាទាសករនយោបាយដើម្បីបោកប្រាស់រៃអង្គាសយកលុយចាយដើរលេងធ្វើទេសចរណ៍នយោបាយតែប៉ុណ្ណោះ។ ចំពោះពលរដ្ឋខ្មែរនៅក្នុងស្រុក ដែលធ្លាប់គាំទ្រខ្លួនវិញ ត្រូវបាន មួ សុខហួរ និងពួកអ្នកនយោបាយទាល់ច្រកនេះ ចាត់ទុកដូចសត្វកង្កែបក្នុងអណ្តូង ដែលមិនដឹងខ្យល់អីទាំងអស់អំពីច្បាប់ កាន់លិខិតឆ្លងដែន អំពីរបៀបរបបធ្វើដំណើរចេញចូលប្រទេស។
លោក សួន សេរីរដ្ឋា បានបញ្ជាក់បន្ថែមថា «សរុបសេចក្តីទៅ មួ សុខហួរ និងបក្ខពួកកំពុងមើលងាយអ្នកគាំទ្រខ្លួនទាំងក្នុងនិងក្រៅប្រទេសថា «ល្ងង់ អត់ដឹងខ្យល់» ដែលខ្លួនចង់បោកប្រាសភូតភរយ៉ាងណាក៏បាន! ហើយការប្រកាសវិលត្រឡប់ចូលស្រុករបស់ពួកទាល់ច្រកអស់នេះ គឺគ្រាន់តែជាការ បង្កើតព្រឹត្តិការណ៍នយោបាយដើម្បីទាញចំណាប់អារម្មណ៍ពីសាធារណៈ និងដើម្បីផ្សាយព្រឹត្តិការណ៍បោកប្រាស់នេះជាព័ត៌មានកុំស្ងប់ស្ងាត់ស្លាប់សកម្មភាពរបស់ពួកខ្លួនតែប៉ុណ្ណោះ»៕