(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិត ដោយយានយន្ដគ្រប់ប្រភេទ។
ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់អំពីកម្រិតសំឡេងបំពង់ស៉ីម៉ាំងរបស់ម៉ូតូតូច ធំ និងរថយន្ដតូចធំផងដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ជាសេនាធិការ ត្រូវចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំ ដល់ម្ចាស់ទីតាំងកែច្នៃយានយន្តឲ្យបញ្ឈប់រាល់ ការកែច្នៃយានយន្តខុសបច្ចេកទេស។ ក្នុងករណីបន្តលបលួចកែច្នៃ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់។
ដោយឡែក កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ពិសេសស្នងការដ្ឋាននគរបាលរាជធានី ខេត្តត្រូវចាត់វិធានការបន្ទាន់ ណែនាំដល់កម្លាំង ដែលមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ធ្វើការត្រួតពិនិត្យ និងលុបបំបាត់ឲ្យបានរាល់ការប្រើប្រាស់ យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង និងណែនាំដល់អ្នកបញ្ហាយានយន្ត បង្កសម្លេងរំខានដល់ប្រជាពលរដ្ឋដោយត្រូវ៖
* យកចិត្តទុកដាក់ត្រួតពិនិត្យលើដងផ្លូវ ទីប្រជុំជន និងធ្វើការឃាត់អប់រំ ជាបឋមឲ្យបញ្ឈប់សកម្មភាព ព្រមទាំងធ្វើកិច្ចសន្យាយានយន្ត ទៅបំពាក់បំពង់ស៊ីម៉ាំងតាមលក្ខណៈបច្ចេកទេស ឲ្យបានត្រឹមត្រូវ។ ទន្ទឹមនោះ ត្រូវណែនាំអំពីសីលធម៌ សុជីវធម៌ក្នុងការបញ្ហាយានយន្ត ចំពោះអ្នកប្រើប្រាស់យានយន្ត ដែលមានកម្រិតសម្លេងខ្លាំង ដើម្បីជៀសវៀងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងរក្សាបានភាពថ្លៃថ្នូរក្នុងសង្គម។
* ណែនាំដល់កម្លាំងមានសមត្ថកិច្ច ត្រូវបំពេញតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ហ្មត់ចត់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគ្មានការលើកលែង៕