(ភ្នំពេញ)៖ កម្ពុជាបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស៣ ដែលនាំចេញអង្ករមានភាពវិជ្ជមាន ក្នុងឆ្នាំ២០២០ ក្នុងនោះអង្ករក្រអូបបានឈរលំដាប់ថ្នាក់ល្អ ក្នុងការនាំចេញ។
ព្រឹត្តិការណ៍ក្នុងវិស័យស្រូវអង្ករ ឆ្នាំ២០២០នេះ ហាក់ដូចជាប្រែប្រួលគួរឲ្យកត់សម្គាល់ ក្នុងវៀតណាមដែលជាប្រទេសគេស្គាល់ថា ផលិតអង្ករស បែបជាប្តូរមកផលិតអង្ករក្រអូប ហើយខ្វះខាតអង្ករស ត្រូវទិញអង្ករពីប្រទេសឥណ្ឌា និងសម្រុកទិញស្រូវពីកម្ពុជា។
ការផ្លាស់ប្តូរការផលិតអង្កររបស់វៀតណាមនោះ ក៏បានជះឥទ្ធិពល និងបង្កើតក្តីបារម្ភសម្រាប់កម្ពុជាផងដែរ ដែលទាមទារឲ្យអ្នករកស៊ីក្នុងវិស័យស្រូវអង្ករកម្ពុជា គិតគូរខ្លាំងជាងមុនលើការងារថែរក្សាកេរ្តិ៍ឈ្មោះអង្ករក្រអូប។
ជុំវិញការប្តូរមកផលិតអង្ករក្រអូបរបស់វៀតណាមនេះ មេដឹកនាំក្នុងវិស័យស្រូវអង្ករកម្ពុជា បានអំពាវនាវដល់អ្នកជំនួញក្នុងវិស័យស្រូវអង្ករ ត្រូវធ្វើយ៉ាងណារក្សាកេរ្តិ៍ឈ្មោះ និងទីផ្សារអង្ករក្រអូបរបស់ខ្មែរ ខណៈដែលកម្ពុជាកំពុងឈាន ដល់ដំណាក់កាលប្រកួតប្រជែង ជាមួយប្រទេសវៀតណាម លើការនាំចេញអង្ករក្រអូប។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ Fresh News ថា ប្រទេសវៀតណាមជាប្រទេសផលិតអង្ករស ដែលមានការប្រកួតប្រជែង ជាមួយប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថាន តែថ្មីៗនេះវៀតណាមបានងាកមកដាំអង្ករក្រអូបដូចកម្ពុជាដែរ ដែលធ្វើឲ្យវៀតណាមខ្វះខាតអង្ករស និងតម្រូវឲ្យទិញអង្ករសពីប្រទេសឥណ្ឌា។ នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះឡើយ សម្រាប់ការផ្លាស់ប្ដូររបស់វៀតណាម ជាធម្មតាវៀតណាមក៏ត្រូវការការកែច្នៃអង្ករក្រអូប និងនាំចេញឲ្យបានតម្លៃខ្ពស់។
លោកបានបន្ដថា «នេះជាសញ្ញាមួយដែលកម្ពុជា ត្រូវពិនិត្យឲ្យបានម៉ត់ចត់ និងតាមដានជំហានបន្ដបន្ទាប់របស់វៀតណាម បន្ទាប់ពីការផ្លាស់ប្ដូរនេះ។ មួយវិញទៀតកម្ពុជា គួរសិក្សាស្រាវជ្រាវបន្ថែម ដើម្បីធ្វើយ៉ាងណាឲ្យអង្ករក្រអូបកម្ពុជាកាន់តែខ្លាំង និងមានលទ្ធភាពនាំមុខ ទាំងគុណភាព និងតម្លៃ ទៅលើប្រទេសវៀតណាម»។
លោកបន្ថែមថា «ជាការពិតការផ្លាស់ប្ដូររបស់វៀតណាម ក៏ជាក្ដីព្រួយបារម្ភសម្រាប់កម្ពុជា ព្រោះការនាំចេញអង្ករក្រអូបរបស់វៀតណាម នាំចេញក្នុងតម្លៃចន្លោះពី៥៥០-៦០០ដុល្លារ ប៉ុន្ដែតម្លៃអង្ករក្រអូបរបស់កម្ពុជាវិញ នាំចេញមានតម្លៃមិនក្រោម៧០០ដុល្លារនោះឡើយ។ ជាក្ដីបារម្ភរបស់កម្ពុជាត្រង់ថា វៀតណាមអាចទាញយកទីផ្សារកម្ពុជា តាមរយៈតម្លៃនេះឯង»។
លោកបញ្ជាក់ថា ចំណុចពិសេសរបស់កម្ពុជា លើសវៀតណាមនោះ គឺរសជាតិអង្ករក្រអូបកម្ពុជា មានរសជាតិឆ្ងាញ់ រូបរាងល្អ និងមានគុណភាពខ្ពស់ ក្នុងការរក្សាទុកបានយូរ ប៉ុន្ដែចំពោះអង្ករក្រអូបវៀតណាមវិញ មានរសជាតិអាចត្រឹមរយៈពេលត្រឹម១ខែប៉ុណ្ណោះ។ ដូច្នេះបើនិយាយពីរសជាតិ កម្ពុជាឈរលំដាប់ថ្នាក់ល្អជាងវៀតណាម ប៉ុន្ដែអំពីតម្លៃកម្ពុជាខ្ពស់ជាងវៀតណាម។
លោកបន្ថែមថា កត្តាមួយទៀត ដែលធ្វើឲ្យអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះ គឺកម្ពុជាជាប្រទេសគោរពនូវបរិស្ថាន ដោយដាំដុះមិនប្រើសារជាតិដែលបំផ្លាញបរិស្ថាន ការប្រើប្រាស់ថ្នាំពុលមានការគ្រប់គ្រងបានល្អ ការប្រើប្រាស់ជីគីមីក៏គ្រប់គ្រងបានល្អប្រសើរ និងក្លាយជាប្រទេសមួយដែលគេទទួលស្គាល់ថា ជាប្រទេសផលិតអង្ករ ដែលមានសុវត្ថិភាព នេះជាចំណុចមួយទៀតដែលកម្ពុជា អាចទាញយកទីផ្សារឈរជើងបាន ត្បិតថាវៀតណាមផលិតអង្ករក្រអូបដូចកម្ពុជាក៏ពិតមែន ប៉ុន្ដែដំណើរការនៃការដាំដុះ ការផលិតមានភាពខុសគ្នា និងរសជាតិខុសគ្នា។ ដូច្នេះកម្ពុជានៅតែអាចរក្សាបានចំណែកទីផ្សារ ក្នុងកម្រិតមធ្យម និងខ្ពស់ ហើយវៀតណាមអាចចាប់យកចំណែកទីផ្សារ ក្នុងកម្រិតមធ្យម និងទាប។
នៅឆ្នាំ២០២០កម្ពុជា បាននាំចេញអង្ករជិត៧០ម៉ឺនតោនទៅកាន់ទីផ្សារ៦០ប្រទេស នៅលើពិភពលោក ក្នុងនោះអង្ករមានជាង៥៦ម៉ឺនតោន ស្មើនឹង៨២ភាគរយនៃអង្ករនាំចេញទាំងអស់។ នៅឆ្នាំ២០២០ វៀតណាមនាំចេញអង្ករបានជាង៦លានតោន៕