(ភ្នំពេញ)៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាសម្រាប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៣។ នេះជាអាណត្តិទី២ហើយ សម្រាប់លោក ហេង វ៉ាន់ដា ក្នុងការកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានេះ។
ដោយឡែកលោកបណ្ឌិត លី ឆេង ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណៈប្រតិបត្តិក្នុងអាណត្តិថ្មីនេះផងដែរ។
ពិធីបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៣ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ ពិធីត្រូវបានធ្ធ្វើឡើងក្រោម អធិបតីភាពលោកបណ្ឌិត ស៊ាន បូរ៉ាត ប្រធានកិត្តិយសសមាគម លោកបណ្ឌិត អ៊ីន វីរជាតិ ទីប្រឹក្សាជាន់ខ្ពស់សមាគម និង លោកនាយឧត្តមសេនីយ៍សាស្រ្តាចារ្យបណ្ឌិត សេង ផល្លី ទីប្រឹក្សាជាន់ខ្ពស់ សមាគម ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកឧកញ៉ា លោកស្រី ជាសមាជិក ក្រុមប្រឹក្សាភិបាលនៃសមាគមផងដែរ។
យោងតាមសមាគមបានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិអាណត្តិទី៦នេះ បានប្រព្រឹត្ត ទៅដោយរលូន តម្លាភាព និងយុត្តិធម៌។ សមាជិកក្រុមប្រឹក្សាភិបាលដែលមានវត្តមាន ចំនួន ២០រូប បានបោះឆ្នោតគាំទ្រជ្រើសតាំង លោកបណ្ឌិត ហេង វ៉ាន់ដា ជាប្រធានក្រុមប្រឹក្សាភិបាល និង លោកបណ្ឌិត លី ឆេង ជាប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិថ្មី ឆ្នាំ២០២១-២០២៣។
សមាគមបានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានជោគជ័យក្នុងការ បោះឆ្នោត លោកបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និង លោកបណ្ឌិត ប្រធានគណៈប្រតិបត្តិអាណត្តិថ្មី បានឡើងប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ឱ្យបានកាន់តែរីកចម្រើន ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនងល្អជាមួយក្រសួង-ស្ថាប័ន និងដៃគូនានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក៏ដូចជានៅតាមគ្រឹះស្ថានសិក្សា ដែលជាសមាជិក។
នាយឧត្តមសេនីយ៍សាស្រ្តាចារ្យបណ្ឌិត សេង ផល្លី ទីប្រឹក្សាជាន់ខ្ពស់សមាគម បានថ្លែង អបអរសាទរចំពោះ លោកបណ្ឌិត ហេង វ៉ាន់ដា និង លោកបណ្ឌិត លី ឆេង ដែលត្រូវបានសមាជិកក្រុមប្រឹក្សាភិបាល បោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិថ្មី នាថ្ងៃនេះ។
លោកបណ្ឌិត អ៊ីន វីរជាតិ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគម បានអបអរសាទរ និងថ្លែងកោតសរសើរ ចំពោះការងារគ្រប់គ្រង និងការរីកចម្រើនគួរឱ្យកត់សម្គាល់របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។ លោកបណ្ឌិត បានបន្ថែមថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពសំខាន់ៗ ដែលបានជំរុញដល់ការ អភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះ លោកបណ្ឌិត ស៊ាន បូរ៉ាត ប្រធានកិត្តិយសសមាគម បានផ្តាំផ្ញើដល់លោកបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាលថ្មី និងលោកបណ្ឌិតប្រធានគណៈប្រតិបត្តិថ្មីឲ្យខិតខំបន្តទៀត ដើម្បីចូលរួមចំណែក អភិវឌ្ឍវិស័យអប់រំ និងបង្កើតធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ និងស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ដែលធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបណ្ឌិតគណៈអធិបតី បានបំពាក់កម្រងផ្កាអបអរសាទរជូនលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលថ្មី និង លោកបណ្ឌិត លី ឆេង ប្រធានគណៈប្រតិបត្តិថ្មី ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ជុំគ្នានាពេលនោះផងដែរ។
សូមបញ្ជាប់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បច្ចុប្បន្នមានគ្រឹះស្ថានសិក្សា ចំនួន១១៦ ជាសមាជិក តែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិថ្មី ជារៀងរាល់ ៣ឆ្នាំម្តង ដែលបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សាភិបាលទាំង ២២គ្រឹះស្ថាន៕