(កណ្ដាល)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ខេត្តកណ្ដាលគឺជាខេត្តគោលដៅមួយ នៃគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានទទួលបានផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែ ប្រវែងសរុប ១៤ គីឡូម៉ែត្រ និង៣៥០ម៉ែត្រ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលបណ្ឌិតសភាចារ្យ អញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទ DBST ចំនួន ៣ ខ្សែ នៅខេត្តកណ្ដាល នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ដោយមានការចូលរួមអមដំណើរដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង លោក តាំង ម៉េងលាង អភិបាលរងខេត្តកណ្ដាល ព្រមទាំងមន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនរូបទៀត។
គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ៣ ខ្សែ ប្រវែងសរុប ១៤ គីឡូម៉ែត្រ និង៣៥០ ម៉ែត្រ ដែលកំពុងជំរុញការស្ថាបនានាពេលនេះមាន៖ ខ្សែទី១ មានប្រវែង ៣ ៩៨៤ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចស្ពានទី ១៩ ទៅភូមិស្វាយរំពារ ឃុំវត្តចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល។ លទ្ធផលសម្រេចបានប្រមាណ៨៣% ។
ខ្សែទី២ មានប្រវែង ៦ ៥៨៧ ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៣ គឺ ភូមិអំពិលទឹក ភូមិក្រោលគោ និងភូមិព្រែកឫស ក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ លទ្ធផលសម្រេចបានប្រមាណ ៨៣% និងខ្សែទី ៣ ប្រវែង ៣ ៨២៥ ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៥ គឺ ភូមិស្វាយមាស ភូមិឈូក ភូមិសន្លុង ភូមិព្រៃលាក់មាស និងភូមិថ្មី ក្នុងភូមិសាស្រ្ដឃុំវិហារសួគ៌ និងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ នៅលើកំណាត់ផ្លូវទាំង ៣ ខ្សែនេះបំពាក់ដោយសំណង់លូ និងប្រឡាយអមសងខាងផ្លូវ ហើយគ្រោងនឹងក្រាលកៅស៊ូស្រទាប់ទី ១ ឲ្យបានមុនខែមេសា ខាងមុខនេះ។
បណ្ឌិតសភាចារ្យ បានបញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ មានរយៈពេល ៣០ ខែចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ ខែឧសភា ឆ្នាំ ២០២២ មានទឹកប្រាក់សរុប ២៨៨ ៧០០០ ០០០ RBM អនុវត្តនៅក្នុងខេត្តគោលដៅចំនួន ៦ គឺខេត្តកំពង់ស្ពឺ ៤ ខ្សែ ខេត្តកណ្តាល ៣ ខ្សែ ខេត្តត្បូងឃ្មុំ ២ ខ្សែ ខេត្តព្រៃវែង ១ ខ្សែ និងនៅក្នុងខេត្តស្វាយរៀងចំនួន ១ ខ្សែ និងនៅខេត្តកំពង់ឆ្នាំង ។
ដោយឡែកនៅខេត្តកណ្ដាលទទួល បានផ្លូវ DBST ចំនួន ៣ ខ្សែ ប្រវែងសរុប ១៤ គីឡូម៉ែត្រ និង៣៥០ ម៉ែត្រ ក្នុងនោះមានសំណង់លូដោះទឹក ប្រឡាយដោះទឹកអមសងខាងផ្លូវប្រវែង ១ ៩៥២ ម៉ែត្រ លូបង្ហូរសម្រាប់ប្រឡាយដោះទឹកអមសងខាងផ្លូវមានមុខកាត់ ០,៥០ ម៉ែត្រ ប្រវែងសរុប ៥៧៥ម៉ែត្រ ការងារធ្វើផ្លូវប្រសព្វ ស្លាកសញ្ញាចរាចរណ៍ និងទីកន្លែងសុវត្ថិភាពផងដែរ។
បច្ចុប្បន្នលគម្រោងស្ថាបនាផ្លូវទាំង ៣ ខ្សែ នៅក្នុងខេត្តកណ្តាលសម្រេចបានប្រមាណ ៦០%ហើយ ហើយគ្រោងនឹងបញ្ចប់ការក្រាលកៅស៊ូស្រទាប់ទី១ ឲ្យបានមុនខែមេសា ឆ្នាំ២០២១ នឹងគ្រោងបញ្ចប់គម្រោងទាំងមូលនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២២។
បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានបន្តទៀតថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ គឺជាកម្មវិធីអាទិភាពមួយក្នុងផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជនបទដូចជា គម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិននេះ នឹងត្រូវធ្វើការកែលម្អផ្លូវជនបទ ក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ១១៩ គីឡូម៉ែត្រ និង៤៦៧ ម៉ែត្រ អនុវត្តដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. លើខ្សែផ្លូវប្រវែងសរុប ៧៩ គីឡូម៉ែត្រ និង១៣៧ ម៉ែត្រ នៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្តាល និង ក្រុមហ៊ុន YUNNAN CONSTRUCTION AND INVESTMENT HOLDING GROUP CO., LTD. ទទួលសាងសង់ផ្លូវប្រវែងសរុប ៤០គីឡូម៉ែត្រ និង៤១ម៉ែត្រ នៅក្នុងខេត្តត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។
បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែជួយដល់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងគមនាកមន៍នៅជនបទ និងបានក្រើនរំលឹកដល់មន្រ្ដីបច្ចេកទេសប្រចាំការ នៅការដ្ឋានត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង៕