(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំបើកសិក្ខាសាលាពិគ្រោះយោបល់ និងកែសម្រួលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពលោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច។
នាឱកាសនោះ លោក ញឹក វណ្ណារ៉ា បានឱ្យដឹងថា អំពើជួញដូរមនុស្សបាននិងកំពុងកើតឡើងគ្រប់ទីកន្លែង ក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់និងពិភពលោក។
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំ ចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលអាណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។
លោកបានបន្តថា ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏កិច្ចការពារ និងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេសការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិតនៅឡើយ។
បន្ទាប់ពីក្រសួងសង្គមកិច្ចបានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជាច្រើនវគ្គសម្រាប់អនុវត្តទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ សំដៅពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីទទួលបន្ទុកការងារសង្គមកិច្ចពាក់ព័ន្ធនានា ទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍក្នុងការការពារ និងគាំទ្រដល់ជនរងគ្រោះប្រកបដោយសុវត្ថិភាព ពិសេសធានាបាននូវជនរងគ្រោះទទួលបានផលប្រយោជន៍ពីលិខិតូបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានសិទ្ធិអំណាច និងមានលទ្ធភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសហគមន៍ដោយជោគជ័យជាស្ថាពរ ទទួលបានការឧបត្ថម្ភទាំងផ្នែកសម្ភារៈ និងស្មារតី ពិសេសសេវាសុខភាព សេវាអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពីភាពរងគ្រោះសាជាថ្មី និងការរើសអើង។
ដោយក្រសួងសង្គមកិច្ចបានយល់ឃើញថា គោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវបានដាក់ឱ្យអនុវត្តអស់រយៈពេលជាង ១០ ឆ្នាំរួចមក ក្រសួងបានសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការដៃគូពាក់ព័ន្ធក្នុងការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព ឯកសារនេះ ដើម្បីឱ្យឯកសារនេះមានសង្គតភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។
លោករដ្ឋលេខាធិការបានបន្តទៀតថា ដើម្បីពង្រឹងប្រសិទ្ធភាពថែមទៀតនៃកិច្ចការពារសិទ្ធិ និងការគាំទ្រដល់ជនរងគ្រោះ កម្ពុជាត្រូវពិនិត្យឡើងវិញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្សដែលបានដាក់ឱ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ២០០៩ ហេតុនេះ ក្រសួងត្រូវការមតិ និងយោបល់ដែលមានលក្ខណៈចូលរួម មានន័យថា ការកែសម្រួលឯកសារនេះត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធនានា ដោយរួមមាន ក្រសួង ស្ថាប័ន អង្គការជាតិ-អន្តរជាតិ និងភ្នាក់ងារអង្គការសហប្រជាជាតិ នៅគ្រប់ដំណាក់កាលនៃការកែសម្រួល។
សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់ និងកែសម្រួលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវលទ្ធផលនៃការវាយតម្លៃទៅលើការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្សរបស់អង្គការដៃគូអភិវឌ្ឍ និងប្រមូលយោបល់ និងធាតុចូលសម្រាប់កែសម្រួលលើគោលនយោបាយ និងបទដ្ឋានអប្បបរមានេះ៕