(បន្ទាយមានជ័យ)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការរក្លែងបន្លំ ហៅកាត់ (.ក.ប.ប.) ខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ តាមបណ្តាម៉ាត និងតាមផ្ទះលក់ទំនិញ ក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាលទ្ធផលរកឃើញទំនិញខូចគុណភាពចំនួន៨០០គីឡូក្រាម និងបាននាំយកទៅធ្វើការដុតកម្ទេចចោល។
បើតាមការបញ្ជាក់ពីលោក សាន វិជ្ជាសារ៉ាវុធ បានឱ្យដឹងថា មន្ត្រីជំនាញ ក.ប.ប. បានសហការជាមួយមន្រ្តីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចបានចុះឆែកឆេរ រកទំនិញណាដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព មាននៅក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ្ឌ និងតាមបណ្តាស្រុកនានា ហើយមន្ត្រីជំនាញបានធ្វើការ ឆែកឆេរនៅតាមបណ្តាតូប តាមផ្ទះ ម៉ាត ជាលទ្ធផលបានរកឃើញផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នៅក្នុងក្រុងប៉ោយប៉ែត មានដូចជា៖ ស្រាបៀប្លេកផេនធ័រ ទឹកក្រូចហ្វាន់តា ប័រកំប៉ុង មីកំប៉ុង ចំនួនប្រមាណ៨០០គីឡូក្រាម។
លោក សាន វិជ្ជាសារ៉ាវុធ បានបន្តទៀតថា រាល់មុខទំនិញដែលមន្រ្តីជំនាញធ្វើការដកហូតនេះ បាននាំយកទៅធ្វើការដុតកម្ទេចចោល តែមុខទំនិញណាដែលដុតមិន ឆេះដូចជា ប្រភេទទឹក ភេសជ្ជៈផ្សេងៗទៀត មន្រ្តីជំនាញបានយកទៅកែឆ្នៃធ្វើជាជីធម្មជាតិ ប្រភេទវីតាមីន (Vitamin) ចែកជូនដល់កសិករ ដើម្បីយកទៅប្រើប្រាស់ស្រោចស្រប ដំណាំបន្លែ ប្រភេទកសិកម្មផងដែរ៕