(ភ្នំពេញ)៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្រោមវត្តមានលោកឧកញ៉ តែ តាំងប៉ ប្រធានសមាគម និងអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដើម្បីការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ។
ពិធីចុះអនុស្សរណ:យោគយល់គ្នា រវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ធ្វើឡើងនៅស្នាក់ការ សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម ដែលមានអាស័យដ្ឋាន ផ្ទះលេខ T១៦៨ វិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់នូវគោលបំណងនៃអនុស្សរណ:យោគយល់គ្នានេះ គឺដើម្បីអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសហការ លើគម្រោង សិក្ខាសាលាការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅក្នុងរាជធានីខេត្តចំនួន២៥ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដែលគ្រោងនឹងអញ្ជើញសមាជិកសហគ្រាសធុនតូច និងមធ្យមទូទាំង២៥ រាជធានី-ខេត្ត ចំនួន ២៥០០នាក់ចូលរួម។
ក្នុងនោះធនាគារ អេស ប៊ី អាយ លី ហួរ ម .ក គឺជាវាគ្មិនដ៏សំខាន់មួយនៅក្នុងកម្មវិធី ដែលធ្វើបទបង្ហាញ ស្តីពីការប្រើប្រាស់ និងគ្រប់គ្រង ហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលបានហិរញ្ញបទាន និងដើម្បីផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួន។
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងរួមចំណែកជាថវិកាលើការអនុវត្តសកម្មភាពទាំងនេះ សកម្មភាពទាំងនេះ និងជួយឱ្យធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអតិថិជនជាសហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិករបស់ FASMEC និងគោលបំណងបង្កើនការយល់ដឹងអំពីកម្ចីឥណទាន ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ព្រមទាំងផលិតផលដទៃទៀត។
អ្នកឧកញ៉ា លី ហួរ បញ្ជាក់បន្ថែមថា គោលបំណងនៃអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសហការលើកគម្រោងសិក្ខាសាលា ការកសាងអាជីវកម្មប្រកបទៅដោយភាពជោគជ័យ ទូទាំង២៥ខេត្ត/ ក្រុង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលពេញ១ឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
ក្នុងនោះផងដែរធនាគារ អេស ប៊ី អាយ លី ហួរ គឺជាវាគ្មិនដ៏សំខាន់មួយ នៅក្នុងកម្មវិធីដែលត្រូវធ្វើ បទបង្ហាញស្តីពីការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលបាន ហិរញ្ញប្បទាន។ ការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់ ព្រោះថាបើយើងគ្រប់គ្រង វាមិនបានដិតដល់ ឬប្រសិទ្ធភាព នោះវាអាចនឹងនាំទៅដល់ហានិយភ័យអាជីវកម្ម និងអាចឈានទៅរកការ ក្ស័យធនជាមិនខាន។
សូមជម្រាបជូនផងដែរថា លី ហួរ គ្រុប បានបង្កើត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ចាប់តាំងពីឆ្នាំ២០១២។ ដោយមើលឃើញពីវឌ្ឍនភាពរីកចម្រើន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង ដែលមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៅប្រទេសជប៉ុន បានចាប់ដៃគូរធ្វើការវិនិយោគជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដើម្បីធ្វើការបំលែងខ្លួនទៅជាធនាគារពាណិជ្ជដែលមានឈ្មោះថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក។
ការវិនិយោគនេះ បានបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងពីអ្នកវិនិយោគិនបរទេស មកលើកំណើនសេដ្ឋកិច្ចកម្ពុជា។ យើងទាំងអស់គ្នាបានដឹងហើយថា វិស័យហិរញ្ញវត្ថុកំពុងតែរីកចម្រើនក្នុងប្រទេសកម្ពុជារបស់យើង ហើយវិស័យមួយនេះគឺជាឆ្អឹងខ្នងមួយដ៏សំខាន់ដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលកំពុងជម្រុញទៅលើវិស័យនេះផងដែរ។
ទស្សនៈវិស័យរបស់ធនាគារ គឺផ្តល់ជូននូវអាជីវកម្មធនាគារពាណិជ្ជកម្ម ដល់បុគ្គល សហគ្រាស ធុនតូចនិងមធ្យម ក្រុមហ៊ុន និងសាជីវកម្មទូទៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជា។ គោលបំណង គឺដើម្បីជួយដល់អាជីវកម្មក្នុងប្រទេសកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវសេវាកម្មធនាគារប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ បច្ចេកវិទ្យាជឿនលឿន ដោយនាំមកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយដើម្បីផ្តល់បទពិសោធន៍ដល់អ្នកប្រើ ប្រាស់អោយកាន់តែងាយស្រួល ចំណេញពេលវេលា និងថវិកា។
ប្រធានសមាគមលោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា ការចុះអនុស្សរណៈនេះ គឺដើម្បីជួយដល់ម្ចាស់សហគ្រាសទាំងអស់ ឱ្យមានសង្ឃឹមឡើងវិញ ខណៈលោកក៏ជំរុញឱ្យម្ចាស់សហគ្រាសទាំងអស់ ត្រូវចុះសិក្សាលើការខ្ចីប្រាក់របស់ម្ចាស់សហគ្រាស ឱ្យស្របតាមអាជីវកម្ម ផលិតកម្ម ឧស្សាហ៍កម្ម និងមានគុណភាពល្អ មិនឱ្យចាញ់បរទេសឡើយ។
គួរជម្រាបថា សមាគមសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម បានបង្កើតឡើងជាង១០ឆ្នាំមកហើយ ដោយបានធ្វើសិក្ខាសាលាអប់រំ និងបណ្ដុះបណ្ដាលសមាជិកជាង ១០០លើកមកហើយ ខណៈឆ្នាំនេះសមាគមទើបនឹងបើកសិក្ខាសាលាជាថ្មីម្ដងទៀត ដោយសារវីរុសកូវីដ១៩ បានវាយលុក ដែលនាំឱ្យមានភាពរាំងខ្ទប់ ហើយចាប់ខែនេះទៅ សមាគមនឹងបន្តធ្វើសិក្ខាសាលាជាបន្តបន្ទាប់ទៅតាមបណ្ដាខេត្តក្រុងនានា៕