(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ឆ្នាំដំបូងកម្ពុជារំពឹងទទួលប្រមូលចំណូល ជិត៣០លានដុល្លារពីដំណក់ប្រេងដំបូងរបស់ខ្លួន។

ការបញ្ជាក់របស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាសាធារណៈ ស្តីពី «គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ ដល់សាធារណជន ស្វែងយល់លំអិត ពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២១។

លោក រង្សី វិស្សុត បានឲ្យដឹងថា «ចំណូលប្រេងក្នុងឆ្នាំនេះ កម្ពុជាចាប់ផ្ដើមមានចំណូលសម្រាប់ថវិកាជាតិហើយ។ កម្ពុជាគ្រោងប្រមូលចំណូលមិនមែនសារពើពន្ធ ពីប្រេងកាតនេះចំនួន១៤លានដុល្លារ ប៉ុន្ដែបើគិតទាំងចំណូលពន្ធដារទៀត យើងអាចឡើងដល់ ២៧លានដុល្លារ បើសិនប្រេងឆៅមួយបារ៉ែលថ្លៃ៥០ដុល្លារ»។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពលធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា ក្រុមហ៊ុន Krisenergy កំពុងបន្តខួងអណ្ដូងចំនួន៤ផ្សេងទៀត តែដំណើរការនៃការខួងនោះ គឺខួងម្ដងមួយៗ ហើយអណ្តូងដែលផលិតប្រេងដំបូងនោះ ក៏កំពុងបន្តផលិតប្រេងបណ្តើរៗផងដែរ។ ប្រសិនបើវាដំណើរការអណ្ដូងទាំងអស់នេះ គឺអតិបរិមាដែលនឹងទទួលបានកម្រិតខ្ពស់បំផុត ៧,៥០០បារ៉ែលក្នុងមួយថ្ងៃ។

តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុននៅតំបន់អប្សរា ប្លុក A កម្ពុជាអាចទទួលបានប្រេងប្រមាណជាង៣០លានបារ៉ែល ក្នុងកម្រិតបរិមាណផលិតជាមធ្យមចំនួន ៧,៥០០បារ៉ែលក្នុងមួយថ្ងៃ។ គម្រោងផលិតប្រេងកាតនៅប្លុក A គឺស្ថិតនៅដែនសមុទ្រកម្ពុជា ដែលមានចម្ងាយប្រមាណជា ១៦០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ៕