(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព និងកម្រងឯកសារបណ្តុះបណ្តាល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្តួចផ្តើមគំនិតដល់និស្សិតផ្នែកស្ថាបតយ្យកម្មនិងសំណង់កពិចារណាសរសេរសារណា ឬនិក្ខេបបទអំពីការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ព្រោះនោះគឺជាបច្ច័យគំនិតដ៏មានសារៈសំខាន់សម្រាប់អភិវឌ្ឍវិស័យពិការភាពនៅកម្ពុជា។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោក
រដ្ឋលេខាធិការអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដែលមានការចូលរួមពីសំណាក់និស្សិតសិក្សាផ្នែកស្ថាបតយ្យកម្មនិងសំណង់ ជាពិសេស សាស្ត្រាចារ្យ និងតំណាងក្នុងហ៊ុនអ្នកសាងសង់។

រដ្ឋលេខាធិការសង្គមកិច្ច លោក ឯម ច័ន្ទមករា បានលើកទឹកចិត្តឱ្យនិស្សិតផ្នែកនេះគូសបង្ហាញស្នាដៃរបស់ខ្លួនអំពីប្លង់ដែលគិតរួមបញ្ចូលដល់ការគិតគូរជនមានពិការភាពអាចប្រើប្រាស់អគារសាធារណៈនិងឯកជនបាន។

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានបន្ថែមថា លោកនឹងខិតខំស្វែងរកដៃគូអភិវឌ្ឍដើម្បីរៀបចំកម្មវិធីផ្តល់រង្វាន់សម្រាប់ការប្រកួតប្រជែងគូសប្លង់ ដើម្បីលើកទឹកចិត្តដល់និស្សិត ឬសាកលវិទ្យាល័យដែលមានមុខវិជ្ជាស្ថាបតយ្យកម្មនិងសំណង់

គួរបញ្ជាក់ផងដែរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការសមស្រប ដើម្បីធានាការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ជាមួយអ្នកផ្សេងទៀត ទទួលបាននូវបរិស្ថានរូបវន្ត មធ្យោបាយធ្វើដំណើរព័ត៌មាននិងទំនាក់ទំនង រួមទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិង ទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាកម្មផ្សេងទៀតដែលបើកឬផ្តល់ឲ្យប្រើប្រាស់ជាសាធារណៈ ទាំងនៅទីក្រុងទាំងនៅតាមទីជនបទ៕