(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ឡុង វណ្ណា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន លោក គាំ ស៊ីថន អាយុ៤២ឆ្នាំ ដាក់ពន្ធនាគារព្រៃសរ ពាក់ព់័ន្ធនឹងករណីស្រវឹងស្រាបើករថយន្តបុកនារីម្នាក់ស្លាប់ ខណៈដែលនាងនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវចូលរោងការ។

ជនត្រូវចោទ គាំ ស៊ីថន ត្រូវបានតំំណាងអយ្យការលោក សាយ ណូរ៉ា ចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហេសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ» តាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ញត្តិមាត្រា៤៤ មាត្រា១២៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ តាមបទល្មើសនេះ រូបគេ អាចប្រឈមនឹងការជាប់ពន្ធនាគារ១ឆ្នាំដល់៥ឆ្នាំផងដែរ។

សូមរំឮកថា នារីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ និងបណ្តាលឱ្យបុរសម្នាក់ទៀត រងរបួសស្រាលដោយសារបុរសម្នាក់ស្រវឹងស្រាជោគ ហើយបានបើករថយន្តម៉ាកអាល់ហ្វាតបុករួចកិន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨យប់ ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចមុខបុរីប៉េងហួត ខាងកើតច្រមុះជ្រូកស្ទឹងមានជ័យ ចម្ងាយប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លឹម ស្រីហេង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះលេខ២៤ ផ្លូវ១៨ ក្នុងបុរីពិភពថ្មី ចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជិះម៉ូតូម៉ាកស្កុតពី ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1II-9166 ។

ចំណែកជនរងគ្រោះរងរបួសស្រាលមានឈ្មោះ ហុឹម សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងភ្លើង មានស្រុកកំណើតនៅស្រុកកោះអណ្តែត ខេត្តតាកែវ ជិម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-8939។

ចំណែករថយន្តបង្កម៉ាកអាល់ហ្វាតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BJ-2004 ដែលអ្នកបើកបររថយន្តបង្កមានឈ្មោះ គួង សុីថន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ី រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងរថយន្ត រងគ្រោះ២គ្រឿងទៀតទីមួយម៉ាកម៉ាស្តា និងរថយន្តកាមរីឆ្លាម។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាដំបូងឡើយ គេឃើញរថយន្តអាល់ហ្វាតមួយគ្រឿងបើកបរដោយបុរសម្នាក់ស្រវឹងស្រា តាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើងយ៉ាងលឿន ខណៈមកដល់ចំណុចមុខវត្តសំបូរមាស ក៏បានប៉ះជាមួយនឹងរថយន្ត ម៉ាស្តាមួយគ្រឿង ហើយក៏ព្យាយាមបើករត់យ៉ាងលឿនទៅប៉ះជាមួយនឹងរថយន្តកាមរីឆ្លាមមួយគ្រឿងទៀត បើករត់បន្តទៀត ខណៈពេលនោះរថយន្តកាមរីឆ្លាមក៏បានដេញតាមពីក្រោយរហូតដល់ចំណុចកើតហេតុខាងលើក៏បានបុករះជាមួយនឹងម៉ូតូ២គ្រឿងបន្ថែមទៀត បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ រងរបួសរលាត់ដៃរលាត់ជើង ហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ចាប់អ្នកបើកបររថយន្តបង្កទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីប្រគល់ឱ្យជំនាញបន្តចាត់ការតាមនីតិវិធីនៃច្បាប់។

បើតាមសម្ដីសាច់ញាតិបានប្រាប់ឱ្យដឹងថា នៅខ្វះតែ១០ថ្ងៃទៀតនារីរងគ្រោះ នឹងចូលរោងការហើយមុនកើតហេតុ គឺស្ត្រីរងគ្រោះខាងលើបានចេញពីផ្ទះក្នុងគោលបំណងទៅជួបគូរដណ្ដឹងតែកម្ម អកុសលមកជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់បែបនេះទៅវិញ៕