(កំពង់ធំ)៖ លោក នី ផល្លី អនុប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្នោតជុំ បានចូលជាតំណាងលោក ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាឃុំត្នោតជុំ និងប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សឃុំ និងភូមិទាំង ៩ ក្នុងឃុំត្នោតជុំ នៅទីស្នាក់ការគណបក្សឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តំណាងសមាជិកដែលត្រូវបញ្ចូលថ្មីបានជម្រាបជូនអង្គពិធីថា ដោយមើលឃើញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ក្នុងការបង្កើត និងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ទើបពួកគាត់សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយស្ម័គ្រចិត្តឥតងាករេ និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់ៗអាណត្តិ។
ជាមួយគ្នានោះ តំណាងក្រុមសកម្មជនយុវជនបក្សខាងលើបានឡើងប្តេជ្ញាចិត្តចូលរួមគាំទ្រ និងអនុវត្តផែនការសកម្មភាពសម្រាប់ទាំងការងារសង្គម និងការងារនយោបាយ ក្រោមកិច្ចដឹកនាំផ្ទាល់របស់លោក នី ផល្លី ប្រធានក្រុមការងារចុះជួយឃុំត្នោតជុំ សំដៅចូលរួមការងារអភិវឌ្ឍក្នុងឃុំផង និងឈានទៅយកជ័យជម្នះជូនគណបក្សក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតនានាជាបន្តបន្ទាប់ខាងមុខ។
លោក នី ផល្លី បានកោតសរសើរចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់សមាជិកថ្មី និងសកម្មជនយុវជនបក្ស ព្រមទាំងបានសម្ដែងនូវការស្វាគមន៍ចំពោះសមាជិកថ្មីៗទៀត ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមកម្លាំងគ្នាក្នុងកិច្ចអភិវឌ្ឍឃុំត្នោតជុំ ឱ្យកាន់តែមានភាពរីកចម្រើនទៅមុខទៀត។
គួរបញ្ជាក់ថា សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាដែលត្រូវបានបញ្ចូលបន្ថែម មានចំនួនសរុប ១១៦ នាក់ និងសកម្មជនយុវជនគណបក្សដែលត្រូវប្រកាសទទួលស្គាល់ជាផ្លូវការក្នុងពិធីនេះមានចំនួន ៥២ នាក់ ក្នុងនោះយុវជនគណបក្សឃុំមាន ៧ នាក់ និងយុវជនគណបក្សភូមិទាំងប្រាំបួនមាន ៤៥ នាក់។
ជារឿយៗ លោក ថោង ខុន តែងតែណែនាំដល់សាខាបក្សស្រុក ឃុំ ភូមិ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសមាជិគណបក្សចាស់ (សមាជិកដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជារួចហើយ) និងខំកៀរគរពង្រីកសមាជិកថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ពិសេសក្នុងចំណោមយុវជន ដើម្បីនាំជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខ៕