(ភ្នំពេញ)៖ មន្រ្តីក្រសួងការបរទេស បានឱ្យដឹងថា ព្រះមហាក្សត្រិយ៍ថៃ សិរិថន នឹងយាងត្រឡប់ទៅប្រទេសថៃវិញ នៅម៉ោង ៩៖៣០យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ បន្ទាប់ពីបានសម្ពោធសមិទ្ធផលជាច្រើន ពាក់ព័ន្ធនឹងវិស័យអប់រំ និងសុខាភិបាល នៅក្នុងប្រទេសកម្ពុជា ។

ម្ចាស់ក្សត្រិយ៍ សិរិនថន បានយាងមកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖០០ព្រឹកមិញ ដើម្បីបំពេញព្រះរាជទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ កុម្ភៈ ដែលក្នុងនោះព្រះម្ចាស់ក្សត្រិយ៍ បានយាងសម្ពោធសមិទ្ធផលមួយចំនួនដូចជាមណ្ឌលសុខភាព នៅខេត្តរតនគិរី វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងសមិទ្ធផលមួយចំនួនទៀត។

កាលពីយប់មិញ នៅក្នុងពិធីសោយ/ទទួលទានអាហាររួមគ្នា ជាមួយម្ចាស់ក្សត្រី សិរិនថន សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះព្រះអង្គម្ចាស់ក្សត្រិយ៍ ដែលបានបរិច្ចាគថវិកា និងពេលវេលាដ៏មានតម្លៃយាងមកបំពេញទស្សនកិច្ច និងផ្តល់ជាអំណោយមនុស្សធម៌ផ្សេងៗ រួមទាំងវិទ្យាស្ថានបច្ចេកវិទ្យានៅកំពង់ស្ពឺ ដើម្បី ចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈព្រះរាជសកម្មភាពនេះ គឺបានបង្ហាញនូវការរួមចំណែកក្នុងការជួយកសាងកម្ពុជា និងពង្រឹងទំនាក់ទំនង មិត្ត្តភាព កម្ពុជា-ថៃ រឹតតែមានភាពល្អប្រសើរ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន ចំពោះប្រជាជននៃប្រទេសទាំងពីរទៀតផង៕