(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិថន យាងទតសាលាបឋមសិក្សា សាលាបឋមសិក្សា ហ៊ុន សែន តំបែរ នៅខេត្តត្បូងឃ្មុំ មុននឹងព្រះអង្គយាងបន្តទៅកាន់ខេត្តព្រៃវែង និងកំពង់ធំ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា ម្ចាស់ក្សត្រិយ៍ សិរិនថន នឹងយាងចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៨៖២០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ហើយអាចនឹងទៅដល់ទីក្រុងបាងកកនៅម៉ោងប្រមាណ៩៖៣០យប់។

តាមការប្រកាសអំពីកម្មវិធីព្រះរាជទស្សនកិច្ច, ការយាងទៅខេត្តត្បូងឃ្មុំ ម្ចាស់ក្សត្រិយ៍ថៃ សិរិថន នឹងទទួលស្វាគមន៍ដោយអភិបាលខេត្តត្បូងឃ្មុំ រួមទាំងមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ និងនាយកសាលាផងដែរ។ នៅពេលដែលយាងទតសាលានេះរួច ម្ចាស់ក្សត្រិយ៍ សិរិនថន នឹងយាងចំណតឧទ្ធម្ភាគចក្រ ដើម្បីបន្តយាងទៅខេត្តព្រៃវែង ដោយឧទ្ធម្ភាគចក្រ។

ម្ចាស់ក្សត្រិយ៍ សិរិនថន បានយាងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបំពេញព្រះរាជទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ កុម្ភៈ ដែលក្នុងនោះព្រះម្ចាស់ក្សត្រិយ៍ បានយាងសម្ពោធសមិទ្ធផលមួយចំនួនដូចជាមណ្ឌលសុខភាព នៅខេត្តរតនគិរី វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងសមិទ្ធផលមួយចំនួនទៀត៕