(ភ្នំពេញ)៖​ បុរស​ម្នាក់​ដែលបានសរសេរ និងបង្ហោះរូបភាពតាម​បណ្តាញ​សង្គមហ្វេ​ស​បុក មានខ្លឹមសារប្រមាថអាយុជីវិត លោកបណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិតសភាកម្ពុជា នឹង​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ នា​ពេល​ឆាប់ៗ​ខាង​មុខ​ នេះបើយោងតាមសាលក្រមរបស់តុលាការក្រុងភ្នំពេញ។

បុរស​រូប​នេះ​ឈ្មោះ​ ផង់ សីហា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត ស្រុក​បាភ្នំ ខេត្តព្រៃវែង​ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅល្ងាច​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល១៨ខែ​ តែ​អនុវត្ត​ទោស​ត្រឹម​៦ខែ​ប៉ុណ្ណោះ​ និង​ពិន័យ​មួយ​លាន​រៀល​ ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​ តាម​មាត្រា​២៣៣នៃក្រម​ព្រហ្មទណ្ឌ​។

យោង​តាម​សាលក្រម​នេះ​ លោក​ ផង់​ សីហា​ នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃ​ទី​៧​ ខែ​មីនា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​ ។

សូមជំរាបថា លោក​ ឈ្មោះ ផង់ សីហា ត្រូវបាន​នគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ព្រំដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​បុរសរូបនេះ បាន​ឆ្លងដែន​ពី​ប្រទេស​ថៃចូលក្នុង​ទឹកដី​កម្ពុជាវិញ ​។​

នៅដំណាក់កាលសមត្ថកិច្ច ឈ្មោះ ផង់ សីហា បាន​សារភាពថា ខ្លួន​ពិតជា​បាន​បង្ហោះ​សារមាន​រូបភាព​គំរាម​សម្លាប់ លោក​បណ្ឌិត សុខ ទូច ដោយ​ប្រើ​តាម​ទូរស័ព្ទដៃប្រាកដមែន​។ ​សមត្ថកិច្ចបានឲ្យដឹងថា ដោយមាន​កិច្ចសហប្រតិបត្តិការ ជាមួយ​នគរបាល​ថៃ ជនសង្ស័យ​ឈ្មោះ ផង់ សីហា ត្រូវបាន​បណ្ដេញចេញ ពី​ប្រទេស​ថៃ ដោយសារ​ជននេះបានរស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ហើយ​ត្រូវ​នគរបាល​កម្ពុជាឃាត់ខ្លួននៅ​ចំណុច​ព្រំដែន ប៉ោយប៉ែតតែម្ដង៕