(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ទាក់ទងពាក់ព័ន្ធ នឹងការបញ្ជាឲ្យដោះលែងជនជាប់ចោទ ដែលត្រូវបានចាប់ខ្លួនតា​មដីកា របស់ចៅក្រមជំនុំជម្រះគឺ «​លោក លឹម សុគន្ថា ព្រះរាជអាជ្ញាខេត្តកណ្តាល បានអះអាងថា​ ការបញ្ជាឲ្យដោះលែងនេះគឺ ដោយមូលហេតុទស្សនៈនៃការអនុវត្តច្បាប់របស់លោក​» (នៅពេលចាប់ខ្លួនមន្ត្រីនគរបាល គឺប្រើប្រាស់ដីកាថតចម្លងដែលមាននៅហ្នឹងដើមបណ្តឹង)​។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌រូបនោះបានបញ្ជាក់ដោយស្រង់សំដីលោក លឹម សុគន្ថា ថា៖ បន្ទាប់ពីមានការដោះលែង​ លោកព្រះរាជអាជ្ញា បានសម្រេចឲ្យមានការចាប់ខ្លួនឡើងវិញ។​ លើសពីនោះទៅទៀត លោកព្រះរាជអាជ្ញា បានអះអាងយ៉ាងច្បាស់ថា​ «ប្រសិនបើការបញ្ជាឲ្យដោះលែងនេះមានការពាក់ព័ន្ធនឹងលាភសក្ការៈណាមួយនោះ​ លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់​ ហើយលោកនឹងធ្វើរបាយការណ៏លំអិតអំពីករណីនេះមកក្រសួង និងអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៏»។

សូមជំរាបថា លោក​ លឹម​ សុគន្ថា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ដោះលែង​ជនជាប់ចោទ​ម្នាក់ដែល​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កណ្ដាល​។

ជនជាប់ចោទ​ដែល​ត្រូវ​បាន​លោក​ព្រះរាជ​អាជ្ញា​ លឹម​ សុគន្ថា​ បញ្ជា​ឲ្យ​ដោះលែង​មាន​ឈ្មោះ​ អុន​ អឿន​ ភេទ​ប្រុស​ អាយុ​៥៨ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្វាយ​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ ត្រូវ​បាន​លោក​ អ៊ី​ សុវណ្ណ​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ តាម​រយៈ​សាលក្រម​លេខ​ ០២៥​ "ង"​ ចុះ​ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ​២០១៥​ ផ្តន្ទា​ទោស​រយៈពេល​១៨ខែ​ ពី​បទ​ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​ ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ថ្លឹង​ ឃុំ​ព្រែក​កំពឹស​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ កាល​ពី​ថ្ងៃទី​២០​ ខែ​មីនា​ ឆ្នាំ​២០១០​ តាម​មាត្រា​២៥៣​ នៃ​ច្បាប់​ភូមិ​បាល​ ។ រហូត​មកទល់​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៥​ លោក​ចៅក្រម​ អ៊ី​ សុវណ្ណ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ ឈ្មោះ​ អុន​ អឿន​ ។

រយៈពេល​១០ខែ​ក្រោយ​មក​ ពោលគឺ​នៅ​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​កោះធំ​ បាន​ចាប់ខ្លួន​ឈ្មោះ​ អុន​ អឿន​ រួច​បញ្ជូន​មក​តុលាការ​ខេត្ត​កណ្ដាល​ភ្លាមៗ តែត្រូវព្រះរាជអាជ្ញា លឹម សុគន្ថា បញ្ជាឲ្យដោះលែង និងក្រោយមកចាប់ខ្លួនមកវិញ​៕