(ភ្នំពេញ)៖ ការស្ទង់មតិដែលធ្វើឡើងដោយ អង្គការខុមហ្វ្រេល បានរកឃើញថា ប្រជាពលរដ្ឋដែលពេញចិត្តចំពោះការអនុវត្ត គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១៥ មានចំនួនច្រើនជាង ប្រជាពលរដ្ឋដែលមិនពេញចិត្ត។

ការស្ទង់មតិអំពីការផ្តល់ពិន្ទុទៅលើការបំពេញ/អនុវត្តន៍ គោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលពី៥ ឆ្នាំទី២ដែលចេញផ្សាយ នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានឱ្យដឹងថា ឆ្នាំទី២ នៃនីតិកាលទី៥ (ឆ្នាំ២០១៥) រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា បានសម្រេចពេញលេញ នូវការបំពេញ/អនុវត្តន៍គោលនយោបាយ ០៦ (៣៧,៥ភាគរយ) នៃ១៦ចំណុច នៃគោលនយោបាយដែលមានក្នុងសូចនាករច្បាស់លាស់។ លទ្ធផលដែលសម្រេចបានពេញលេញនេះ រួមមាន៖ ១.កំណើនសេដ្ឋកិច្ច ៧%ក្នុង១ឆ្នាំ ២.ការកាត់បន្ថយភាពក្រីក្រអត្រា១%ក្នុងមួយឆ្នាំ ៣.ការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ៤.ការរៀបចំ គោលនយោបាយ ដឹកជញ្ជូន ៥.គោលដៅនៃចំនួនទេសចរណ៍ក្រៅបរទេស និង៦.ការបង្កើតគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ។

របាយការណ៍អំពីការស្ទង់មតិដដែល បានបញ្ជាក់ថា ចំណែកគោលនយោបាយចំនួន០៧ ដែលរួមមាន ១.ការរក្សាផ្ទៃនេសាទទឹកសាប ២.ការចុះបញ្ជីដីធ្លី ៣.ការកសាងគោលនយោបាយជាតិស្តីពីសិទ្ធិលំនៅដ្ឋាន ៤.ប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាត ៥.ពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិឱ្យដល់ភូមិ ៦.បន្តកសាងអនុវិត្យាល័យឱឰ្យបានគ្រប់ឃុំ និង៧ ការនាំចេញអង្ករឱ្យបាន០១លានតោន នៅឆ្នាំ២០១៥ ត្រូវបានរាជរដ្ឋាភិបាល អនុវត្ត ឬនិងសម្រេចបានខ្លះ។ រីឯគោលនយោបាយចំនួន០៣ចំណុច រាជរដ្ឋាភិបាលបានអនុវត្តតែមិនអាចសម្រេចបាន ឬបានតិចតួចតាមការសន្យារបស់ខ្លួន មានដូចជា ១. ការរក្សាផ្ទៃដីដែលគ្របដណ្តប់ដោយព្រៃឈើ ២.ការដាក់ឱ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករ និយោជិតក្នុងវិស័យឯកជន និង៣.ការកែលម្អផ្លូវលំជនបទ។

ខុមហ្រ្វេលបានអះអាងថា ចំពោះការផ្តល់ពិន្ទុសម្រាប់ ឆ្នាំទី២នៃនីតិកាលទី៥ លើគោលនយោបាយ ហើយពលរដ្ឋចំនួន៧៩៧នាក់ បានចូលរួមផ្តល់ពិន្ទុ ក្នុងនោះប្រមាណ២៦% បានសម្តែងការពេញចិត្ត ប្រមាណ៦២% សម្តែងនូវការពេញចិត្តខ្លះ និងប្រមាណ១២% សម្តែងនូវការមិនពេញចិត្ត នឹងលទ្ធផលការបំពេញ /អនុវត្តគោលនយោបាយទាំងនោះ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ខុមហ្វ្រេល៖