(បន្ទាយមានជ័យ)៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត តូយូតាស៊ីណា បុកនឹងរថយន្តសាំងយ៉ុង ដឹកអ្នកដំណើរ បណ្តាលឲ្យមនុស្សជិះ ក្នុងរថយន្តស៊ីណាស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់នៅកន្លែង នាម៉ោង៦៖២០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦​ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើត សាកលវិទ្យាល័យមានជ័យ១០០ម៉ែត្រ ស្ថិតក្នុងភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្តម៉ាក តូយូតា ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-3907 បើកពីកើតទៅលិច ពេលមានមេឃកំពុងរលឹម លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបើកទៅបុកជាមួយរថយន្ត ម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខបាត់ដំបង 2A-9314 បណ្ដាលឲ្យអ្នកដំណើរជិះ ក្នុងរថយន្តស៊ីណាស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ ផុន សុភ័ណ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្លាប់នៅកន្លែងហេតុការណ៍ រីឯអ្នករបួសធ្ងន់២នាក់ទៀត អត់ទាន់ដឹងអត្តសញ្ញាណនៅឡើយ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ដើម្បីសង្គ្រោះជីវិត។ ក្រោយពីកើតហេតុម្ចាស់រថយន្តទាំងសងខាង រត់គេចបាត់។ ចំណែកភាគីរថយន្តម្ខាងទៀត ពុំមានរងរបួសឡើយ ។

រថយន្តទាំង២គ្រឿងនោះ ត្រូវបាននគរបាលយកទៅរក្សាទុក នៅស្នងការនគរបាលខេត្ត ដើម្បីធ្វើដោះស្រាយទៅតាមផ្លូវច្បាប់។ រីឯសពត្រូវបានរថយន្តសង្គ្រោះ របស់កងរាជអាវុធហត្ថ ដឹកយកទៅឲ្យក្រុមគ្រួសារ នៃសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕