(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តដោយស្មោះចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងរាជអាវុធហត្ថ ដែលជានិច្ចកាលបានសហការជម្នះរាល់ឧបសគ្គប្រកៀកស្មាគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូប្តូរផ្តាច់រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងបានចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងជំងឺឆ្លងកូដ-១៩ នាពេលកន្លងទៅ។
ការថ្លែងកោតសសើរបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកែទម្រង់កងរាជអាវុធហត្ថ ឆ្នាំ២០២០ និងទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២១ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយរូបភាពវីដេអូសកម្មភាពការងារជាក់ស្តែង បញ្ជាក់ច្បាស់ពីការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ មានរបៀបរបប និងប្រសិទ្ធភាពខ្ពស់ជាមួយនឹងការគោរពច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈដែលមិនអាចខ្វះបាន។
ក្នុងឱកាសនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ សូមអបអរសាទរចំពោះលទ្ធផលដែលសម្រេចបាន និងសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែង ព្យាយាមកសាងសមិទ្ធផល ដែលជាស្នាដៃថ្មីៗជាច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែរីកចម្រើនលូតលាស់ រួមចំណែកក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីគោលនយោបាយ ផែនការ យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងពីសមិទ្ធផលអនុវត្តបានរបស់កងរាជអាវុធហត្ថ នៅក្នុងឆ្នាំ២០២០នេះ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូបនៃកងរាជអាវុធហត្ថ សុទ្ធតែបានខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម រួមគ្នាពុះពារសម្រេចបានលទ្ធផលប្រកបដោយវឌ្ឍនភាព។ ប៉ុន្តែយើងក៏មានឱនភាពការងារមួយចំនួន បណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ រួមជាមួយនឹងស្ថានភាពសេដ្ឋកិច្ចសកលធ្លាក់ចុះ បានជះឥទ្ធិពលមិនល្អដល់ដំណើរការអនុវត្តតួនាទី ភារកិច្ច និងការកែទម្រង់កន្លងមក។ ប៉ុន្តែ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិននៃកងរាជអាវុធហត្ថគ្រប់រូប នៅតែបំពេញបេសកកម្មតាមតួនាទី ភារកិច្ច ក្នុងនាមអ្នកទទួលខុសត្រូវ គ្រប់គ្រងដឹកនាំការងារនេះ បានរួមគ្នាជំនះគ្រប់ឧបសគ្គសម្រេចភារកិច្ច ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ប្រគល់ជូន។
ជាមួយនឹងលទ្ធផលដ៏ល្អនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កងរាជអាវុធហត្ថនឹងបន្តប្រតិបត្តិនូវតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត លើការងារពង្រឹង និងពង្រីកសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យក្នុងបេសកកម្មរបស់ខ្លួន ប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុ ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍជូនសង្គមជាតិ និងមាតុភូមិយើង។
ទន្ទឹមនឹងនេះ សម្តេចពិជ័យសេនា បានគូសបញ្ជាក់ថា ឆ្នាំ២០២០ គឺជាឆ្នាំទី២ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។ ជារួមនៅឆ្នាំ២០២០នេះ កងយោធពលខេមរភូមិន្ទ នៅតែសម្រេចបានលទ្ធផលក្នុងការរក្សាសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយជាមួយនឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមបានល្អ ដែលជាកត្តានាំឱ្យមានការអភិវឌ្ឍប្រទេស ប៉ុន្តែដោយសារការរាតត្បាតនូវជំងឺឆ្លងកូវីដ-១៩ គ្រោះធម្មជាតិ សង្គ្រាមពាណិជ្ជកម្ម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច បានជះឥទ្ធិពលធ្វើឱ្យរអាក់រអួលដល់សេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជា៕