(ភ្នំពេញ)៖ របរលក់ជ្រូកខ្វៃជារបរមួយត្រូវប៉ាន់ខ្លាំង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដោយសារតែបងប្អូនកាត់សែស្រឡាយចិន មិនអាចចោល ឬអាក់ខានបានក្នុងការសែនជ្រូកខ្វៃ។ តាមទម្លាប់ទោះបីស្ថិតក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ ប៉ុន្ដែពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នៅតែបន្ដរៀបចំធ្វើ តែគោរពតាមវិធានការអនាម័យ របស់ក្រសួងសុខាភិបាល។
តាមទម្លាប់ជារៀងរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋកាត់សែស្រឡាយចិន តែងតែរៀបចំផ្ទះសម្បែង ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីនេះ។ ងាកត្រឡប់ទៅមើលបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករវិញក៏ឃើញថា កំពុងមមាញឹកជាខ្លាំង ក្នុងការបម្រើសេវាកម្មរបស់ខ្លួនជូនដល់អតិថិជន។
ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ប៉ុន្ដែរបរលក់ជ្រូកខ្វៃរបស់អាជីវករ នៅតែដំណើការបានល្អប្រសើរ និងលក់ដាច់ខ្លាំងជាងរាល់ឆ្នាំ។
កត្តាអ្វីដែលធ្វើឲ្យជ្រូកខ្វៃនៅតែត្រូវប៉ាន់លើទីផ្សារ ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ខណៈប្រជាពលរដ្ឋមួយចំនួនសន្សំសំចៃ មិនចង់ចំណាយច្រើននោះ? តើជ្រូកខ្វៃមានអត្ថន័យបែបណា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន?
លោកគ្រូចិនសែ កុក ឡុង បានពន្យល់ថា «ឆ្នាំនេះឆ្នាំឆ្លូវធាតុដី ល្អទិសជើងត្បូង ឆ្នាំនេះល្អពណ៌មាស និងក្រហម ដូច្នេះសំណែនជ្រូកខ្វៃតំណាងពណ៌មាស ទាខ្វៃពណ៌មាស និងមាន់ស្ងោពណ៌លឿងត្រូវនឹងធាតុដី»។
លោកគ្រូបន្ដថា ប្រសិនបើអ្នកសែនមិនមានជ្រូកខ្វៃទាំងមូលទេ សាច់ជ្រូកខ្វៃក៏អាចជំនួសក្នុងពិធីបានដែរ ប៉ុន្ដែត្រូវដាក់សំណែនយ៉ាងតិច៨មុខ និងត្រូវមានបង្អែមផងដែរ។
ងាកត្រឡប់មកមើលការលក់ដូរ ជ្រូកខ្វៃរបស់អាជីវករវិញឃើញថា ប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំចិននេះ គឺមមាញឹមមែនទែន ភ្ញៀវចេញចូលច្រើន និងមានជ្រូកជាច្រើនកំពុងដាក់លក់យ៉ាងព្រោងព្រាត។ ជ្រូកខ្វៃមិនមែនលក់តែក្នុងពិធីបុណ្យចូលឆ្នាំចិននោះឡើយ ប៉ុន្ដែត្រូវបានលក់ជារៀងរាល់ថ្ងៃ ដោយសារតែតម្រូវការមានរៀងរាល់ថ្ងៃ ដោយអ្នកខ្លះទិញយកសែន ក្នុងពិធីសម្ពោធអាគារថ្មី ឬកម្មវិធីផ្សេងៗជាច្រើនទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរយៈពេលប៉ុន្មានថ្ងៃនេះ មានពលរដ្ឋជាច្រើន បានសម្រុកកក់កុញជាវជ្រូកខ្វៃនេះច្រើន។
អ្នកស្រី ជូ អ្នកលក់ជ្រូកខ្វៃនៅផ្សារអូឬស្សី បានថ្លែងថា «ការលក់ជ្រូកខ្វៃក្នុងឆ្នាំនេះ លក់ដាច់ខ្លាំងជាងរាល់ឆ្នាំ ទោះបីជាតម្លៃថ្លៃក៏នៅតែមានតម្រូវការពីអតិថិជន។ ការលក់ដាច់លើសការរំពឹងទុកនេះ ដោយសារតែឆ្នាំទៅមិញផ្ទុះជំងឺកូវីដ១៩ មិនសូវមានការសែនចូលឆ្នាំចិន ដូច្នេះទើបឆ្នាំនេះពលរដ្ឋជាប់សែស្រឡាយចិន សម្រុកទិញច្រើន»។
អ្នកស្រីបន្ដថា សម្រាប់តម្លៃជ្រូកខ្វៃក្នុងឆ្នាំនេះ លក់បានតម្លៃមួយខ្ពស់ និងលក់ដាច់រហូតដល់៤០ក្បាលក្នុងមួយថ្ងៃ។ ជាទូទៅថ្ងៃធម្មតាជ្រូកខ្វៃតម្លៃតាមទំហំ មានន័យថា ជ្រូកគីឡូចន្លោះ៣-៤គីឡូក្រាមលក់ក្នុងតម្លៃ២៨ម៉ឺនរៀល ជ្រូកទម្ងន់៥-៦គីឡូក្រាមលក់ក្នុងតម្លៃ៥០ម៉ឺនរៀល ហើយជ្រូកទម្ងន់ចាប់ពី១០គីឡូឡើង លក់ក្នុងតម្លៃ៧០ម៉ឺនរៀល និងលក់បាន១០ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ។
អ្នកស្រី លីម លីឈាង អ្នកលក់ជ្រូកខ្វៃក្នុងផ្សារអូឬស្សីបានថ្លែងឲ្យដឹងថា «ក្នុងឆ្នាំនេះបងប្អូនប្រជាពលរដ្ឋជាវជ្រូកខ្វៃច្រើនមែនទែន លើសពីការរំពឹងទុក គាប់ជួបនឹងតម្រូវការច្រើន តម្លៃជ្រូកក៏ឡើងថ្លៃដែរ ទោះជាឡើងថ្លៃអតិថិជននៅតែបន្ដជាវ និងមិនអាចផ្គត់ផ្គង់គ្រប់តម្រូវការអតិថិជន»។
អ្នកស្រីបន្ដថា «កំណើននៃការលក់ជ្រូកខ្វៃហាងខ្ញុំ ឆ្នាំនេះកើនដល់៤០ភាគរយ ព្រោះតម្លៃជ្រូកខ្វៃនីមួយៗឡើងថ្លៃទេ្វដង»។
អ្នកស្រីបន្ថែមថា ទោះមានជំងឺកូវីដ១៩ក្តី ក៏មិនបានរំខានដល់របរលក់ជ្រូកខ្វៃឡើយ ព្រោះប្រទេសកម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩បានល្អ ហើយកម្ពុជាក៏មានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ផងដែរ តែទោះជាយ៉ាងណាក៏យើងនៅតែមានការប្រុងប្រយ័ត្នជានិច្ច មិនធ្វេសប្រហែសឡើយ។
អ្នកស្រីបន្ថែមថា ក្រៅអំពីជ្រូកខ្វៃ ទាខ្វៃ និងមាន់ស្ងោ ក៏មានតម្រូវការដែរ ប៉ុន្ដែមិនខ្លាំងដូចជ្រូកឡើយ ចំណែកឯតម្លៃក៏មិនបានឡើងថ្លៃដែរ៕