(បន្ទាយមានជ័យ)៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក ម៉ែន ហុង ព្រះអាជ្ញារង នៃអយ្យការអមតុលាការយោធា លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះបង្ក្រាបជនសង្ស័យម្នាក់ បន្លំពាក់ឯកសណ្ឋានជាឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈដើរបោកប្រាស់គេ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះថា ជនសង្ស័យមានឈ្មោះ សុខ ប៊ុនធឿន អាយុ៤៤ឆ្នាំ រស់នៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅបញ្ជាការ ដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំទៅតាមនីតិវិធី។
លោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខអាវុធហត្ថខេត្ត បានឲ្យដឹងថា ក្រោយពីសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន បន្លំពាក់ឯកសណ្ឋានជានាយទាហានឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈដើរឆបោកកន្លងមកពិតប្រាកដ។
ក្រោយពីបានចម្លើយសារភាព កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនបន្តទៅស្នងការស្រាវជ្រាវព័ត៌មានសន្តិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់ការបន្តតាមនីតិវិធី៕