(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងទិវានារីអន្តរជាតិ៨មីនា បានគូសរំលេចនូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ដើម្បីលើកកម្ពស់សិទ្ធិ និងផ្តល់ឱកាសសម្រាប់ស្ត្រីចូលរួមក្នុងកិច្ចការសង្គមឱ្យសមនឹងពាក្យស្លោកថា «ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិជាតិ»។
ក្នុងសារលិខិតអបអរសាទរថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១០ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបង្កើនសមាមាត្រស្ត្រីក្នុងស្ថាប័នសាធារណៈ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែច្រើនឡើងក្នុងការដឹកនាំ និងធ្វើសេចក្ដីសម្រេច ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យចំនួនស្ត្រីនៅក្នុងស្ថាប័ននីតិបញ្ញតិ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយអាណត្តិទៅមួយអាណត្តិទៀត។
ក្នុងស្ថាប័ននីតិប្រតិបត្តិស្ត្រីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មានការកើនឡើង។ ក្នុងវិស័យមុខងារសាធារណៈ ចំនួនមន្ត្រីរាជការជាស្ត្រីកើនឡើង ៣៥% នៅឆ្នាំ២០០៧ ដល់ ៤១% នៅឆ្នាំ២០២០ ហើយសមាមាត្រស្ត្រីជាមន្ត្រីរាជការក្នុងតួនាទីធ្វើសេចក្ដីសម្រេចបានកើនឡើងដល់ ២៤% នៅឆ្នាំ២០១៩។
នៅថ្នាក់ក្រោមជាតិមានស្ត្រីជាអភិបាលខេត្ត ២រូប ស្ត្រីជាអភិបាលក្រុង ស្រុក-ខណ្ឌ ៦រូប និងស្ត្រីជាមេឃុំ-ចៅសង្កាត់ កើនឡើងពី ៤២រូប នៅឆ្នាំ ២០១២ ទៅ ១៣០រូប ឆ្នាំ២០១៧។ ចាប់ពីឆ្នាំ២០០៦ ស្ត្រីក្នុងកងកម្លាំងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិមានចំនួន ៣៨៧នាក់ ក្នុងចំណោមកងកម្លាំង សរុបចំនួន ៧.០៤០នាក់។
ក្នុងវិស័យសេដ្ឋកិច្ចវិញ ស្ត្រីបានចូលរួមយ៉ាងសកម្ម ហើយមានកាលានុវត្តភាពផ្នែក សេដ្ឋកិច្ចភាគច្រើន។ ស្ត្រីចូលរួមក្នុងកម្លាំងពលកម្មមានអត្រា ៧៩% និងស្ត្រីជាម្ចាស់អាជីវកម្ម ៦១% (ភាគច្រើនអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម)។
សម្រាប់ការអប់រំ និងបណ្ដុះបណ្ហាលវិជ្ជាជីវៈ នៅក្នុងឆ្នាំសិក្សា២០១៩-២០២០ តម្លាតយេនឌ័រនៅក្នុងវិស័យអប់រំ ត្រូវបានកាត់បន្ថយនៅគ្រប់កម្រិត ដោយមានការកើនឡើងនូវកម្មវិធីអាហារូបករណ៍ ដល់សិស្ស និស្សិតក្រីក្រ ជាពិសេសសម្រាប់ក្មួយៗនារី។ និស្សិតជាស្ត្រីដែលបានចូលរៀនបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) បានកើន ១៧.៤% នៃចំនួនសរុប ២.១%។ ក្នុងស្ថានភាព កូវីដ-១៩ វិស័យអប់រំតម្រូវឱ្យមានការផ្លាស់ប្តូររបៀបរបបសិក្សាទាំងស្រុង ពីការសិក្សានៅក្នុងថ្នាក់ ទៅជាការ សិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច។
ដោយឡែកអំពើហិង្សាលើស្ត្រី និងក្មេងស្រី រាជរដ្ឋាភិបាលបានបង្កើតយន្តការច្បាប់ គោលនយោបាយ ផែនការ សកម្មភាពជាតិ និងវិធានការជាច្រើន ដើម្បីឆ្លើយតបចំពោះអំពើហិង្សាត្រប់រូបភាពទៅលើស្ត្រីនិងក្មេងស្ត្រី។ ថ្មីៗនេះ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ ត្រូវបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ កម្មវិធីផ្តល់សេវាជំនួយផ្នែកច្បាប់ដល់ស្ត្រី និងក្មេងស្រីក្រីក្រ រងគ្រោះដោយអំពើហិង្សា និងអំពើរំលោភសេពសន្ថវៈបាន និងកំពុងសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់ថវិកាជាតិចំនួន ៥០០លានរៀល ក្នុងមួយឆ្នាំ តាមរយៈក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ។
ក្រុមមេធាវីស័គ្រូចិត្ត គឺក្រុមមេធាវីសម្ដេចតេជោ សែន បានចូលរួមផ្តល់សេវាផ្នែកច្បាប់ជូនស្ត្រីក្រីក្ររងគ្រោះ ដោយអំពើហិង្សាប្រចាំនៅគ្រប់រាជធានី-ខេត្តទាំង ២៥ ។
ចំពោះកិច្ចការពារសង្គម និងសុខភាពស្ត្រ អត្រាមរណភាពមាតា កុមារអាយុក្រោម ១ឆ្នាំ និងកុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០ ក្នុងពិភពលោក ដែលសម្រេចបាននូវសូចនាករសំខាន់ៗទាក់ទងនឹងសុខភាពមាតា កុមារ រួមទាំងការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ មុនកាលកំណត់នៃគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជា។
រាជរដ្ឋាភិបាលនៅតែបន្តកម្មវិធីឧបត្ថមសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ហើយរាជរដ្ឋាភិបាលកំពុងដំណើរការយ៉ាងសកម្ម ក្នុងការរៀបចំយន្តការប្រតិបត្តិឧបត្ថម្ភសាច់ប្រាក់ថ្នាក់ឃុំ សង្កាត់ នៅទូទាំង ២៥រាជធានី-ខេត្ត។ ជាក់ស្ដែងកម្មវិធីនេះបានផ្តល់ប្រាក់ឧបត្ថម្ភចំនួនសាមសិបប្រាំបីពាន់លាន ប្រាំបីរយកៅសិបប្រាំបីលានប្រាំរយម្ភៃពានរៀល(៣៨,៨៩៨,៥២០,០០០រៀល ប្រមាណជិត ១០លានដុល្លារអាម៉េរិក) ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ បានចំនួន ១៧៥,៣៨៣នាក់។
ជាមួយនឹងការបង្ហាញនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានសម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការចំនួន៧ ឱ្យក្រសួងស្ថាប័ននានាយកចិត្តទុកដាក់ ដើម្បីធានាដល់ការលើកកម្ពស់សិទ្ធិរបស់ស្ត្រី។ ការងារអាទិភាពទាំង៧រួមមាន៖
ទី១៖ បន្តពង្រឹងសាមគ្គីភាព និងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តជំរុញចលនាជាតិប្រយុទ្ធនឹងជំងឺកូវីង-១៩ ដើម្បីធានាសុខុមាលភាព ជីវភាពប្រក្របតីរបស់ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទី២៖ ពង្រីកវិសាលភាពគ្របដប់នៃប្រព័ន្ធគាំពារសង្គម រួមទាំងសុខមាលភាពស្ត្រី និង ក្មេងស្រីជាមួយនឹងការអនុវត្តនូវរាល់កម្មវិធីជំនួយសង្គមនានា។
ទី៣៖ បន្តពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈការបង្កើនការយល់ដឹង និងអភិវឌ្ឍអាជីវកម្ម ដល់ស្ត្រីការអភិវឌ្ឍអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSME) ពង្រឹងកម្មវិធីបញ្ចុះបញ្ចាលវិជ្ជាជីវៈ និងបរិយាបន្នហិរញវត្ថុ។
ទី៤៖ អភិវឌ្ឍមូលធនមនុស្ស និងឌីជីថល ជាពិសេសសម្រាប់ស្ត្រី និងក្មេងស្រី តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM)។
ទី៥៖ បន្តធានាលើការការពារសិទ្ធិ ដោយស្មើភាពដល់ស្ត្រី ដើម្បីស្ត្រីអាចធ្វើសេចក្ដីសម្រេចចិត្តនៅគ្រប់កម្រិតជួយដោះស្រាយរាល់ឧបសគ្គនានា ដែលរើសអើងចំពោះស្ត្រីក្នុងការចូលរួមធ្វើសេចក្ដីសម្រេចនៅក្នុងស្ថាប័នសាធារណៈនៅគ្រប់កម្រិត និងក្នុងវិស័យនយោបាយ។
ទី៦៖ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រឹងការអនុវត្តកម្មវិធីចិញ្ចឹមកូនបែបវិជ្ជមាន វប្បធម៌អហិង្សា និងការបង្កើនការវិនិយោគលើការអនុវត្តផែនការសកម្មភាពជាតិស្ដីពីការ ទប់ស្កាត់អំពើហិង្សាលើស្ត្រីឆ្នាំ ២០១៩-២០២៣ ឱ្យបានទូលំទូលាយទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
ទី៧៖ ពង្រឹងយន្តការគណនេយ្យភាពសម្រាប់សមភាពយេនឌ័ររបស់ក្រសួងស្ថាប័ននៅគ្រប់កម្រិត តាមរយៈការអភិវឌ្ឍសមត្ថភាពនិងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕