(ព្រះវិហារ)៖ រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ត្រូវបានកម្លាំងចម្រុះដឹកនាំដោយលោក ហោ ប៊ុន ហួរ អភិបាលស្រុករវៀង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក ចុះបង្រ្កាបបាននៅពាក់កណ្តាល អាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតនៅចំណុចភូមិអូរពោធិ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
លោក ហោ ប៊ុនហួរ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ រដ្ឋបាលស្រុករវៀងតែងដឹកកម្លាំងចម្រុះចុះបង្ក្រាប និងទប់ស្កាត់បទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនធនធានធម្មជាតិបានជាបន្តបន្ទាប់។
លោកអភិបាលស្រុក ថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ជាក់ស្តែងកាលពីពាក់កណ្តាលយប់ថ្ងៃទី០៨ ខែមីនានេះ លោកបានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាប រថយន្តដឹកឈើខុសច្បាប់បានមួយគ្រឿង ដែលម្ចាស់រថយន្តដឹកឈើនេះ ត្រូវបានគេរាយការណ៍ថា ជាមុខសញ្ញាចាស់រកស៊ីជាយូរមកហើយ។
លោក ហោ ប៊ុនហួរ បានឱ្យដឹងទៀតថា រថយន្តដឹកឈើខុសច្បាប់ដែលលោកដឹកនាំកម្លាំងចម្រុះបង្រ្កាបបាននេះ ម៉ាកអ៊ីស៊ុយហ្សុយ ដឹកឈើប្រភេទលេខ២ (ក្តា) ប្រហែលជិត២ម៉ែត្រគូប។ បច្ចុប្បន្នទាំងរថយន្តនិងឈើ ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុក ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕