(ព្រះវិហារ)៖ ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានកម្លាំងចម្រុះធ្វើការបង្ក្រាប ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តព្រះវិហារ ក្នុងនោះធ្វើការដកហូតវត្ថុតាងមួយចំនួនធំ បញ្ជូនទៅចាត់ការទៅតាមច្បាប់។
លោក វុធ សាវី បានឱ្យភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះថា ក្រោមការសម្របសម្រួលនិងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៨ ខែមីនានេះ លោកបានដឹកនាំកម្លាំងមន្ត្រីនគរយុត្តិធម៌ ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃ ឈើខុសច្បាប់មួយកន្លែង នៅទីតាំងខាងលើ។
ជាលទ្ធផល បានធ្វើការរឹបអូសវត្ថុតាងរួមមាន៖ ម៉ាស៊ីនវាល តាបឈូស ម៉ូទ័រ និងឈើប្រណិតគ្រប់ប្រភេទជាច្រើនម៉ែត្រគូបទៀត រួចបញ្ជូនទៅរក្សាទុក នៅសង្កាត់ រដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការទៅតាមច្បាប់។
លោក វុធ សាវី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា ទីតាំងសិប្បកម្មកែច្នៃឈើនៅកន្លែងណាក៏ដោយ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺត្រូវតែធ្វើការបង្រ្កាប ហើយរួមនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ផ្សេងៗទៀត ទោះមានខ្នងបង្អែកប៉ុណ្ណាក៏ដោយ៕